(ព្រៃវែង)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ គ.ស.២០១៩នេះ ទន្ទឹមនឹងព្រឹត្តិការណ៍យ៉ាងអធិកអធ័ម នៃការប្រារព្ធពិធីសង្ក្រាន្តព្រៃវែង របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅទីរួមខេត្ត ក្រុមការងារនៅទូទាំងស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង បានចូលរួមអបអរសាទរទទួលអំណរឆ្នាំថ្មី ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ដែលបានវិលត្រឡប់មកកាន់ស្រុកភូមិកំណើតវិញ តាមរយៈកម្មវិធីផ្សេងៗ ជាអាទិ៍ ការជួបប្រជុំសំណេះសំណាល ការចូលរួមកម្សាន្ដ សប្បាយ និងការចុះសាកសួរសុខទុក្ខបងប្អូននៅតាមខ្នងផ្ទះ។
ដោយឡែក នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ព្រុំ សុខា ប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយ លោកស្រី អស់លោកជាសហការី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានបានជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ប្រមាណ២,០០០នាក់ មកពីភូមិទាំង១០៨ នៃឃុំទាំង៩ របស់ស្រុកបាភ្នំ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានលើកសរសើរ និ ងវាយតម្លៃខ្ពស់ ចំពោះការរួមវិភាគទាន គួរឲ្យ កត់សម្គាល់របស់បងប្អូនចំណាកស្រុក ក្នុងបុព្វហេតុដ៏ថ្លៃថ្លារបស់សង្គមជាតិ គឺសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
លោក ព្រុំ សុខា ក៏បានឆ្លៀតលើកឡើង គូសបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ ពីការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ ពលករគ្រប់មុខសញ្ញា និយាយរួម និងបងប្អូនកម្មករ ពលករចំណាកស្រុក និយាយដោយឡែក។
ប្រឈមមុខចំពោះការឃោសនាអកុសល តាមរយៈសង្គ្រាមចិត្តសាស្ត្រនាពេលបច្ចុប្បន្នរបស់មជ្ឈដ្ឋានអមិត្ត ជុំវិញការគំរាមដាក់សម្ពាធសេដ្ឋកិច្ច ពីខាងក្រៅមកលើកម្ពុជា លោកប្រធានក្រុមការងារ បានរំលឹកបងប្អូនចំណាកស្រុកទាំងអស់ត្រូវ ត្រងត្រាប់ និងចងចាំនូវប្រសាសន៍ណែនាំ របស់សម្តេច តេជោ ហ៊ុន សែន រាល់ពេលដែលលោកជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី គឺដើម្បីរក្សាការពារ សុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ឲ្យបានស្ថិតស្ថេរជាបន្តទៅទៀត។
ដូច្នេះថា ត្រូវរួមគ្នាការពារដាច់ខាតឯករាជ្យភាព និងអធិបតេយ្យជាតិ ព្រោះថាប្រសិនជាប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យជាតិ ប្រាកដជានឹងបណ្តាលឲ្យមានការជ្រៀតជ្រែកពីខាងក្រៅ រួមទាំងអន្តរាគមន៍បរទេសសាជាថ្មី ចូលមកផ្ទៃក្នុងរបស់កម្ពុជា ដូចអ្វីដែលធ្លាប់កើតមាន កាលពីដើមទសវត្សឆ្នាំ១៩៧០កន្លងមក ហើយដែលនៅទីបញ្ចប់ គឺគ្មានអ្វីក្រៅពីការជ្រមុជមាតុភូមិ និងប្រជាជនកម្ពុជា ទៅក្នុងជ្រោះមហន្តរាយ នៃសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ នោះឡើយ។
ហេតុនេះ ទោះបីជាត្រូវប្រឈមជាមួយ ឧបសគ្គការលំបាកខ្លះ ដែលជៀសពុំផុត រួមទាំងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនាពេលខាងមុខ ប៉ុន្តែផ្អែកលើមេរៀនពិសោធន៍ ដែល ធ្លាប់ឆ្លងកាត់ដោយជោគជ័យកន្លងមក ជាមួយ ជំនឿជឿជាក់លើកម្លាំងសាមគ្គីប្រជាជាតិទាំងមូល ប្រាកដជាជំនះពុះពារ បានរាល់ការលំបាកឧបសគ្គទាំងនោះ ដើម្បីជំរុញដំណើរជាតិកម្ពុជាលើផ្លូវប្រជាធិបតេយ្យនាំមាតុភូមិ និងប្រជាជន ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង ថ្កុំថ្កើងជាក់ជាមិនខាន៕