(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ ដែលត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ខេត្ដក្រុងទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ។
ក្រៅពីអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាខេត្តហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការរៀបចំសង្ក្រាន្ដឆ្នាំថ្មីនេះ ជាឱកាសដែលឲ្យយុវជន និងភ្ញៀវទេសចរបរទេស បានស្វែងយល់កាន់តែច្រើន អំពីវប្បធម៌ និងប្រពៃណីជាតិខ្មែរដ៏ល្អឯករបស់កម្ពុជា។
លើសពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានណែនាំឲ្យសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីធានាសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«អរគុណដល់គ្រប់ខេត្តក្រុង ដែលបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ជាមួយនឹងកម្មវិធីកម្សាន្ដជាច្រើន ដើម្បីផ្តល់ការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះក៏ជាឱកាសដែលក្មួយៗយុវជន និងចៅៗព្រមទាំងទេសចរបរទេស បានស្វែងយល់កាន់តែច្រើន អំពីវប្បធម៍ និងប្រពៃណីជាតិដ៏ល្អឯករបស់កម្ពុជាយើងផងដែរ។ សូមសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីធានាសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ»៕