(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយ: Facebook នៅថ្ងៃនេះ បានគូសបញ្ជាក់ថា សម្តេចរីករាយជាខ្លាំងនៅពេលបានឃេីញប្រជាពលរដ្ឋបានជួបជុំក្រុមគ្រួសារ ធ្វេីបុណ្យទាន និងលេងកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃទីនៃពិធីបុណ្យចូលឆ្នាំថា «ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងក្មួយៗ ព្រមទាំងចៅៗបានជួបជុំធ្វើបុណ្យទានសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតជិតឆ្ងាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។ សូមស្វាគមន៍ផងដែរ ដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស ដែលបានធ្វើដំណើរមកចូលរួមសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសជាតិ»។
សម្តេចតេជោ ក៏បន្តអំពាវនាវសូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា បន្តយកចិត្តទុកដាក់ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ នៅតាមច្រកនានា រួមទាំងព្រលានយន្តហោះ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្ថរជាពលរដ្ឋ និងទេសចរ បានកំសាន្ត សប្បាយរីករាយនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនះ។
សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ និងសូមទទួលបាននូវសិរីសួស្តី លាភសំណាងល្អ និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នា។
ជាការកត់សម្គាល់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋខ្មែរកំពុងនឹងដេីរកម្សាន្តនៅតាមតំបន់ទេសចេណ៍នានាយ៉ាងច្រេីនកុះករ។ ខណ:ប្រជាពលរដ្ឋខ្លះមិនមានដំណេីរកម្សាន្តទៅទីឆ្ងាយនោះទេ តែក៏បានជួបជុំក្រុមគ្រួសារជជែកមក្សាន្ត ឬក៏ទៅកម្សាន្ត លេងល្បែងប្រជាប្រិយនៅតាមទីអារាម ក៏ដូចជាសង្ក្រាន្តដែលរៀបចំនៅតាមខេត្តនីមួយៗ។
យេីងសង្កេតឃេីញថា ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នកេីតមានដោយសារសុខសន្តិភាព តែបេីធៀបនឹងជាង៤០ឆ្នាំមុន ជាពេលកម្ពុជាជួបវិបត្តិនៃភ្លេីងសង្គ្រាមការជួបជុំលេងសប្បាយ ឬដំណេីរកម្សាន្តសម្រាប់ពេលបុណ្យចូលឆ្នាំថ្មីមិនមាននោះឡេីយ។
សម្តេចតេជោ ហ៊ុន សែន រដ្ឋបុរសដែលបានបិទបញ្ចប់ភ្លេីងសង្គ្រាម នាំមកនូវសុខសន្តិភាព បានរំលឹកដល់ប្រជាពលរដ្ឋថា ប្រទេសមានសុខសន្តិភាព ទើបមានឱកាសប្រារព្ធពិធីបុណ្យតូចធំដូចនេះបាន៕