(ភ្នំពេញ)៖ សិស្សមុស្លិមកម្ពុជា ដែលសមត្ថកិច្ចនៅភាគខាងត្បូងថែ បានឃាត់ខ្លួន ចំនួន ១១នាក់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ហើយ ៨នាក់ ត្រូវបានធ្វើការដោះលែង ពីបទអន្តោប្រវេសន៍ខុសច្បាប់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ខណៈដែល៣នាក់ មិនទាន់បានដោះលែងក្នុងពេលជាមួយគ្នា រង់ចាំការស្រាវជ្រាវបន្ត ដោយសង្ស័យមានទំនាក់ទំនងជាមួយក្រុមចលនាផ្តាច់ខ្លួនភាគខាងត្បូងថៃ។
ប៉ុន្ដែរហូតមកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ពួកគេទាំង៣នាក់នោះ ត្រូវបានសមត្ថកិច្ចថៃដោះលែងវិញហើយ ក្រោយរកឃើញថា ប្អូនៗសិស្សានុសិស្ស គឺជាមនុស្សស្អាតស្អំ មិនពាក់ព័ន្ធនឹងក្រុមចលនាផ្តាច់ខ្លួនភាគខាងត្បូង ដូចមានការចោទប្រកាន់នោះឡើយ ហើយបានមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅយប់មិញនេះ។ នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងប្រាប់អង្គភាព Fresh News។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចតែងតែផ្តល់ភាពកក់ក្តៅ និងអន្តរាគមន៍ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាទូទៅ និងមិនប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍អ្វីនោះឡើយ។
ព្រមពេលជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី បានចាត់ឲ្យសហការី ដែលជាថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការទំនាក់ទំនងដោះស្រាយការបញ្ជូនដោយសុវត្ថិភាព និងទទួលនៅ ច្រកព្រំដែនប៉ោយប៉ែត ព្រមទាំងរៀបចំបញ្ជូនទៅស្រុកកំណើត នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ៕