(ភ្នំពេញ)៖ កងពលតូចទ័ពពិសេសឆត្រយោង៩១១ និងក្រុមហ៊ុម ជេត៍គ្រុប សេវេនអីនជី បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្រោមអធីបភាព លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
ការចង់សម្ព័ន្ធមេត្រីភាពនេះ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយចំនួនរវាង លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ និងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ជេត៍គ្រុប សេវេនអីនជី។
សូមជម្រាបថា ការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព និងក្រុមហ៊ុនឯកជននេះ ត្រូវបានធ្វើឡើងដើម្បីតបតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបញ្ជាក់អំពីវប្បធម៌នៃការចែករំលែករវាងខ្មែរ ជាមួយខ្មែរ។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសសាងសង់អគារមួយខ្នង ជូនដល់អង្គភាព កងពលតូចទ័ពពិសេសឆត្រយោង៩១១ ផងដែរ ដើម្បីបម្រើប្រាស់ទៅតាមតម្រូវការក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕