(ពោធិ៍សាត់)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំនៅខេត្តពោធិ៍សាត់ បានឲ្យដឹងនៅល្ងាចនេះថា នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកវាលវែង នាវេលាម៉ោង៣៖១២នាទី ដល់ម៉ោង៤ល្ងាច ស្របពេលដែល ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បាននឹងកំពុងអុជធូបទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ពស២៥៦៣ ព្រះនាម ទុង្សទេវី ក៏មានភ្លៀងមួយមេធំ បានធ្លាក់រាយប៉ាយកម្រិតមធ្យម ធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះប៉ុន្មានថ្ងៃកន្លងមកនេះ សីតុណ្ហភាពមានការហក់ឡើងកម្តៅ ក្នុងកម្រិតពី ៣៦-៣៩ អង្សាសេឯណោះ។
តែទោះជាយ៉ាងណាក៏ដោយ សម្រាប់បាតុភូតខ្យល់កន្រ្តាក់មួយមេធំនេះ បានធ្វើឲ្យដើមឈើបាក់កាត់ផ្លូវ និងរបើកដំបូលផ្ទះបន្តិចបន្តួច តែមិនមានសេចក្តីរាយការណ៍ ពីការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ។ ក្រោយភ្លៀង ប្រជាពលរដ្ឋ នៅតែបន្តកម្សាន្តសប្បាយ នៅសង្ក្រាន្តកោះសំពៅមាស និងតំបន់សំខាន់ៗមួយចំនួន ក្នុងក្រុងពោធិ៍សាត់
បើតាមក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កម្ពុជានឹងទទួលនូវឥទ្ធិពល នៃសម្ពាធទាបដែលកើតពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់ បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងនោះដែរ ក្រសួងបានអំពាវនាវ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរន្ទរះ ពិសេសខ្យល់កន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុក នៅពេលមានភ្លៀង ព្រោះរដូវវស្សានៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនឹងកំដៅក្តៅ និងរំហួតខ្ពស់៕