(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ថ្ងៃទី១ ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ (គិតពីម៉ោង២រសៀលថ្ងៃទី១៣ ដល់ ម៉ោង២រសៀលថ្ងៃទី១៤ ខែមេសា) មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣១លើក បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់, របួសស្រាល១៥នាក់ និងរបួសធ្ងន់៣២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៣១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ៣៣គ្រឿង, រថយន្តតូច១៥គ្រឿង និងរថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងប្រជែង។

សូមជម្រាបថា រយៈពេល២ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ និង ១៤ ខែមេសា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៥៥លើក ស្លាប់មនុស្ស៣១នាក់ និង៩០នាក់របួសធ្ងន់ស្រាល។

ដោយសារចំនួននៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង គួរឲ្យបារម្ភនេះ សូមសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋ ដែលអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្ន បើកបរគោរពច្បាប់ចរាចរណ៍ បើកបរត្រូវគោរពល្បឿនកំណត់ ហើយបើស្រវឹងសូមកុំបើកបរ៕