(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីដែលជាបវេណីរបស់ខ្មែរតាំងពីបុព្វកាល ជាពេលវេលាដ៏មានអត្ថន័យបំផុតនៃក្រុមគ្រួសារខ្មែរ ព្រោះវេលានេះជាពេលជួបជុំដ៏សែនសប្បាយរីករាយបំផុត របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីគ្នា ដើម្បីបម្រើនូវបុព្វហេតុរៀងៗខ្លួនមានដូចជា បុព្វហេតុជាតិ បុព្វហេតុនៃជីវភាពគ្រួសារ និងការស្រវ៉ាវិជ្ជាជាដើម...។
ឥទ្ធិពលនៃពិធីបុណ្យចូលឆ្នាំថ្មីបានដាស់ឈាមខ្មែរគ្រប់ទីកន្លែងឲ្យរំជើបរំជួលជ្រួលនឹករលឹកដល់ស្រុកកំណើត នឹកដល់អ្នកមានគុណលោកឪពុកអ្នកម្តាយ និងសាច់ញាតិ។ មុនការឈានមកដល់នៃសង្ក្រាន្តឆ្នាំថ្មី បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងបំពេញការងារ ក៏ដូចជាសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ ក៏បានចាប់ផ្តើមសម្រុកនាំគ្នាទៅផ្ទះ ទៅលេងស្រុកកំណើត ដើម្បីបានជួបលោកឪពុក អ្នកម្តាយ ជីដូន ជីតា និងក្រុមគ្រួសារសាច់ញាតិជាទីស្រឡាញ់។
តាមបណ្តាផ្លូវជាតិធំៗមានដូចជាផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ដែលជាច្រកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តនានានោះ ត្រូវបានកកស្ទះទៅដោយយានយន្ត។ រាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាធ្លាប់តែអ៊ូអរក៏ចាប់ផ្តើមប្រែទៅជាស្ងប់ស្ងាត់ខុសពីធម្មតា។
ក្នុងនោះពលករខ្មែរបម្រើការនៅក្នុងប្រទេសថៃ និងអ្នកបម្រើការនៅតាមបណ្តាប្រទេសមួយចំនួនទៀត ក៏បាននាំគ្នាសម្រុកមកស្រុកកំណើតផងដែរ។ តែសម្រាប់ពលករខ្មែរដែលធ្វើការនៅប្រទេសឆ្ងាយៗដូចជាប្រទេសកូរ៉េខាងត្បូងជាដើមពួកគេមិនសូវជាបានវិលមកលេងកម្សាន្តបុណ្យចូលឆ្នាំនោះឡើយ ព្រោះត្រូវចំណាយថ្លៃសំបុត្រយន្តដែលមានតម្លៃ។ ដូច្នេះពួកគេបានត្រឹមចូលរួមរីករាយជាមួយក្រុមគ្រួសារតាមអនឡាញ (online) តែប៉ុណ្ណោះ។
ទេវតាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ឈានចូលមកដល់នៅវេលាម៉ោងប្រមាណ១៥៖១២នាទីថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៩។ បុត្រីទី១របស់ព្រះកបិលមហាព្រហ្ម ព្រះនាង ទុង្សទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈ យាងចុះមកបន្តភារកិច្ចពីព្រះនាង មហោធរៈទេវី បុត្រីទី៧ ដើម្បីឃុំគ្រង និងថែរក្សាចក្រវាឡនេះ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំ លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News តំណាងឲ្យសហការីទាំងអស់ សូមលំឱនកាយបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ទេវតាថែរក្សាព្រះស្វេតឆត្រ ទេវតាឆ្នាំថ្មីព្រះនាង ទុស្សទេវី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមថ្វាយព្រះពរជ័យសិរីបវរមហាប្រសើរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលំឱនកាយបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាង ទុស្សទេវី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជនរួមជាតិខ្មែរគ្រប់ទីកន្លែង បានជួបតែសេចក្តីសុខសេចក្តីចម្រើន ចៀសឆ្ងាយពីរោគាព្យាធិ ជួបតែភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ និងសម្រេចរាល់បំណងប្រាថ្នាដែលជាអំពើប្រកបដោយសុច្ចរិតធម៌នៅក្នុងឆ្នាំថ្មីនេះ។
បើទោះបីបុណ្យចូលឆ្នាំជាពេលសម្រាប់ការជួបជុំក្រុមគ្រួសារខ្មែរយ៉ាងណាក្តី តែបងប្អូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតែបន្តជាប់មមាញឹកជាមួយ ភារកិច្ចមិនអាចខានបានក្នុងការថែរក្សាការពារបូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់ និងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជាអនេកចំពោះវីរភាពរបស់បងប្អូនកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទទាំងអស់ និងសូមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាងមហោធរៈទេវី និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាបងប្អូនបានមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ កម្លាំងពលំកាន់តែខ្លាំងពូកែ ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។
អង្គភាពព័ត៌មាន Fresh News ទោះបីមានអាយុកាលជិត៥ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស និងឈានមុខមួយនៅកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ Fresh News មានមិត្តអ្នកអានយ៉ាងច្រើនលាននាក់រួមមាន៖ ទាំងនៅលើ App, ទូរទស្សន៍, វិទ្យុ, គេហទំព័រ, Facebook, YouTube ហើយបានពង្រីការផ្សាយរបស់ខ្លួនទៅជាភាសាអង់គ្លេស និងភាសាចិនថែមទៀត។ ជាពិសេសបំផុតសមិទ្ធផលធំដែល Fresh News ទើបសម្រេចបាននោះ គឺការបង្កើត Fresh News TV ដែលជាទូរទស្សន៍ព័ត៌មានដំបូងគេនៅកម្ពុជា ហើយកំពុងផ្សាយព័ត៌មាន២៤ម៉ោងយ៉ាងទូលំទូលាយទូទាំងប្រទេសជូនប្រជាពលរដ្ឋខ្មែរ។
វឌ្ឍនភាព និងការរីកចម្រើនរបស់ Fresh News មិនមែនកើតឡើងឡើយ ប្រសិនបើគ្មានការដឹកនាំមួយប្រកបដោយទស្សនៈ និងចក្ខុវិស័យប្រកបភាពប្រាកដនិយម និងច្បាស់លាស់។ ជាពិសេសការប្រឹងប្រែងមិនសន្សំសំចៃកម្លាំងរបស់សហការីទាំងអស់ ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណីអាហារ ហើយស្រេកឃ្លានការងារ គ្រប់ពេលវេលាមិនថាយប់ថ្ងៃ។ ដូចពាក្យមួយឃ្លាតែងតែលឺពេញបន្ទប់ការិយាល័យ Fresh News ថា «ពួកយើងទាំងអស់មិនខ្លាចនឿយហត់ក្នុងការបញ្ជូនព័ត៌មាន ទៅកាន់ពិភពលោក»។
ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហការីគ្រប់ផ្នែកទាំងអស់។ ឆ្នាំថ្មីនេះ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនានៃជម្រករបស់ពួកយើង ខ្ញុំនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីពង្រីកកេត្យានុភាព និងនាំមកនូវភាពរីកចម្រើនបន្ថែមសម្រាប់អង្គភាពមួយនេះ។ ខ្ញុំក៏នឹងប្រឹងប្រែងធ្វើឱ្យអង្គភាពមួយនេះក្លាយទៅជាទីពោរពេញដោយភាពក្តៅ និងជាម្លប់ដ៏ត្រជាក់ត្រជុំ ស្របតាមបំណងប្រាថ្នាដូចនឹងពាក្យមួយឃ្លាដែលខ្ញុំខ្ញុំតែងតែងពោលថា៖ «សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលឃើញបុគ្គលិកមានភាពសប្បាយ រីករាយ និងមានជីវភាពធូរធារល្អប្រសើរ»។
សូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាព Fresh News គ្រប់រូបទាំងអស់ បានជួបតែសេចក្តីសុខ សេចក្តីចម្រើន កម្លាំងពលំមាំមួន ប្រាជ្ញាកាន់តែឆ្លាតវាងវៃ ដើម្បីជ្រោងអង្គភាពឲ្យកាន់តែរីកចម្រើន។ ខ្ញុំនៅតែសង្ឃឹមមុតមាំថា ទឹកចិត្តដ៏មុតស្រួចរបស់សហការីទាំងអស់នឹងមិនប្រែថ្មីនោះឡើយ នៅតែបន្តរក្សាប្រមូលផ្តុំគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំដ៏សុខសាន្តមួយនេះឲ្យកាន់តែល្បាញល្បី ថែមទៀត ជាមួយនឹងដំណើរមិនចេះនឿយហត់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរនេះ ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលរបស់ខ្លួន។ ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានា ជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសម្រេចរាល់បំណងប្រាថ្នា និងសូមឲ្យបានទទួលជោគជ័យគ្រប់ការងារ ភារកិច្ច និង របរអាជីវកម្ម។
សុខសន្តិភាព ជាបុព្វហេតុដ៏ចម្បង និងសំខាន់បំផុតសម្រាប់ជាតិកម្ពុជាដ៏កម្សត់ ដែលរងនូវការញ៉ាំញីដោយភ្លើងសង្គ្រាមជាង ៣ទសវត្សរ៍ ឆ្ពោះមកកាន់ការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿង និងល្បាញល្បីជាថ្មី។ ខ្ញុំសូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់សម័យកាល ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ និងទេវតាឆ្នាំថ្មី បន្តអភិបាលប្រោសព្រំឃុំគ្រងជាតិកម្ពុជាទាំងមូលឲ្យភពប្រសព្វតែសុខសន្តិភាព និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕