(បាត់ដំបង)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឃើញវីដេអូឃ្លីប (video clip) ក្នុងគណនីហ្វេសបុក (Account Facebook) ឈ្មោះ រតនរស្មី លី ដែលបានវាយប្រហារប្រមាថ មកលើថ្នាក់ដឹកនាំខេត្តបាត់ដំបងមួយរូប គឺលោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ដោយធ្វើការបំភ្លៃព័ត៌មានមិនពិត យកមកមួលបង្កាច់បង្អួចកិត្តិយសថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើការសន្និដ្ឋាន ដោយគ្មានមូលដ្ឋាន និងគ្មានព័ត៌មានត្រឹមត្រូវ។
លិខិតបដិសេធរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ បានចាត់ទុកការចោទប្រកាន់នោះ មានចេតនាញុះញង់បង្កភាពវឹកវរក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តពីមហាជន និងប្រជាពលរដ្ឋ មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង លើបញ្ហាពលករខ្មែរ ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានខិតខំប្រឹងប្រែងបង្កលក្ខណៈ ជួយដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើតវិញ ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយពុំចាំបាច់ចំណាយថវិកា ក្នុងការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ (Re-entry Visa) ដែលកន្លងមកពលករខ្មែរ ត្រូវចំណាយក្នុងម្នាក់១,០០០បាត សម្រាប់ ការចេញចូលមួយលើក។
ក្នុងនាមថ្នាក់ដឹកនាំខេត្តបាត់ដំបងមួយរូប លោក ងួន រតនៈ តែងតែយកចិត្តទុកដាក់ និងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជាប់ជាប្រចាំ លើបញ្ហាពលករខ្មែរ ចូលតាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបានរៀបចំបង្កើតឲ្យមានក្រុមការងារខេត្ត ដើម្បីសម្របសម្រួលដល់ពលករខ្មែរ ត្រឡប់មកលេងស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេស ការមកដល់របស់ ពលករខ្មែរ តាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្នុងការជួយសម្រួលបែបបទឆ្លងដែន និងជួយសម្រួលការធ្វើដំណើរ ដោយផ្តល់ទឹកសុទ្ធ នំកញ្ចប់ និងចែកសំបុត្ររថយន្តក្រុងរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) ជិះទៅកាន់ភូមិស្រករបស់ពួកគាត់ដោយមិនគិតថ្លៃ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង សូមប្រកាសធ្វើការបដិសេធទាំងស្រុង និងមិនអាចទទួលយកបាននូវអ្វីដែលគណនីហ្វេសបុក (Account Facebook) ឈ្មោះ រតនរស្មី លី បានធ្វើការផ្សព្វផ្សាយនេះឡើយ៕