(ភ្នំពេញ)៖ ទីបំផុតនៅវេលាម៉ោងប្រមាណជាង១៖៣០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានចេញដីការបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ដាក់ពន្ធនាគារព្រៃសរ រង់ចាំជំនុំជម្រះទោសកំហុសនៅពេលក្រោយ។
ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់បុរសម្នាក់ដែលទះកំផ្លៀងនារីម្នាក់ បណ្តាលឱ្យដួលអុកគូទនៅផ្សារកណ្តាល ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា បុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ ឲ្យដួលអុកគូទនៅនឹងថ្នល់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានសាកសួរ និងកសាងសំណុំរឿងចប់សព្វគ្រប់។
គួររំលឹកដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយ កើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឲ្យដួលអុកគូទនៅនឹងថ្នល់។
បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាង និងប្អូនស្រី បានដើរចេញពីផ្ទះទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា?
ភ្លាមនោះអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន លឺដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។
ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវ រហូតឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ ពាក់ព័ន្ធការបង្ក្រាបករណីខាងលើនេះ មហាជនបានសម្តែងការថ្លែងអំណរគុណ និងស្ងើចសរសើរ ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញយ៉ាងខ្លាំង។
ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ឲ្យក្រុមហ៊ុនមួយកន្លែង នៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបានប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុស ដូចការចោទប្រកាន់របស់ ជនរងគ្រោះពិតប្រាកដមែន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបគេ ធ្លាប់ជាប់គុកព្រៃសរយៈពេល០១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧-២០០៨ ពីបទ៖ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដោយត្រូវបានឪពុកម្ដាយបង្កើត ជាអ្នកប្ដឹងឲ្យជាប់គុក៕