Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុណ្យចូលឆ្នាំថ្មី ថ្ងៃទី១! សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិជួបតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ និងសុវត្ថិភាពក្នុងការធ្វើដំណើរ

14-04-2019 09:26

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ និងជួបប្រទះតែពុទ្ធពរទាំង៥ប្រការ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានជូនពរឲ្យជូនរួមជាតិមានសុវត្ថិភាព ក្នុងការធ្វើដំណើរទៅស្រុកកំណើត ឬទៅកាន់តំបន់រមណីយដ្ឋាននានាទូទាំងប្រទេស សូមមានសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១នេះ ខ្ញុំនិងភរិយាសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ព្រមទាំងពុទ្ធពរ ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងចៅៗមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទោះជិត ឬឆ្ងាយទៅកាន់ស្រុកកំណើត ឬទៅកាន់ទីរមណីយដ្ឋាននានានៅទូទាំងប្រទេស»

សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ ត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។

ទេវតាឆ្នាំថ្មីនេះ ព្រះនាម «ទុង្សទេវី» ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិកា ទ្រង់អម្ពរពណ៌ ក្រហម លម្អនៅព្រះកាណ៌ ដោយបុប្ផា ទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្ដស្ដាំទ្រង់ កងចក្រ ព្រហស្ដឆ្វេងទ្រង់ ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ (សសេះ) ជាពហនៈ៕