(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យភ្ញៀវបរទេសទាំងអស់ ដែលអញ្ជើញមកទស្សនានៅរមណីយដ្ឋានវត្តភ្នំ ដោយមិនគិតប្រាក់ចំនួន៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
មន្រ្តីសាលារាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះថា «ក្នុងរយៈពេល៣ថ្ងៃ នៅក្នុងពិធីចូលឆ្នាំប្រពៃណីជាតិ ដែលចាប់ផ្តើមនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជូនដំណឹងដល់ជនបរទេស និងភ្ញៀវទេសចរបរទេសទាំងអស់ ឲ្យបានជ្រាបថា រដ្ឋបាលនឹងមិនគិតប្រាក់ សម្រាប់ចូលទស្សនានៅរមណីយដ្ឋានវត្តភ្នំនោះទេ»។
បើតាមមន្រ្តីសាលារាជធានីភ្នំពេញ ជាធម្មតាសម្រាប់ភ្ញៀវទេសចរបរទេស ដែលចូលទស្សនានៅរម្មនីយដ្ឋានវត្តភ្នំ ត្រូវបង់ប្រាក់ម្នាក់ៗមួយដុល្លារ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត វត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីអបអរសាទរឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ អញ្ជើញចូលកម្សាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសចូលឆ្នាំ៣ ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ នៅសង្ក្រាន្តវត្តភ្នំ ៕