(វ៉ាស៊ីនតោន)៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ពីថ្ងៃ១៤, ១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្ញើសារជូនពរជ័យសិរីសួស្តីដល់ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
លោកស្រី Morga Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានផ្ញើសារជូនពរពីរដ្ឋបាលអាមេរិកជូនដល់ប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារឲ្យមានសុខភាពល្អ វិបុលសុខ និងសិរីមង្គលក្នុងឱកាសឆ្នាំថ្មីនេះ ដោយតំណាងឲ្យរដ្ឋបាលអាមេរិក។
លោកស្រីអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១២ ខែមេសា យ៉ាងដូច្នេះថា «ដោយតាងនាមឲ្យរដ្ឋបាលសហរដ្ឋអាមេរិក ខ្ញុំសូមអបអរសាទរប្រជាជនកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សូមប្រជាជនកម្ពុជាទទួលយកការប្រសិទ្ធពរជ័យរបស់យើងក្នុងឱកាសឆ្នាំថ្មីនេះ។ សូមឆ្នាំថ្មី ឆ្នាំកុរ នាំមកនូវសុខភាពល្អ វិបុលសុខ និងសិរីមង្គលផងដែរ»។
ឆ្លៀតឱកាសនេះដែរ លោកស្រីសម្តែងនូវសង្ឃឹមថា ទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនអាមេរិក នឹងកាន់តែស៊ីជម្រៅនៅពេលខាងមុខផង៕