(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំកម្លាំងល្បាតចល័តលើផ្លូវជាតិលេខ៤ ត្រួតពិនិត្យជាតិស្រវឹង អ្នកបើកបររថយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កុំឱ្យវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពសិទ្ធិគ្នាទៅវិញទៅមក គោរពល្បឿនកំណត់ និងមិនបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់គ្រឿងញៀន ដល់អ្នកបើកបរយានយន្ត បានចំនួន ៤៩នាក់។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានថ្លែងថា ការចុះមកផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍នេះ ដើម្បីបង្កើនការយល់ដឹងបន្ថែម អំពីសុវត្ថិភាពចរាចរណ៍ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ ពេលធ្វើដំណើរតាមដងផ្លូវ៕