(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបង្កើនការប្រុងប្រយ័ត្ន អំពីបញ្ហាហានិភ័យនានា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
លោកស្រីបានអំពាវនាវបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយលោកតា លោកយាយ និងលេងល្បែងប្រជាប្រិយ ទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពស២៥៦៣ គស២០១៩ នៅភូមិស្យា ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានបងប្អូន ជាសមាជិកាថ្នាក់ខេត្ត ស្រុក បានចូលរួមយ៉ាងច្រើនកុះករ។
លោកស្រីតំណាងរាស្ត្រ បានជម្រាបជូនថា លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ លោកទាំងពីរ មិនបានអញ្ជើញចូលរួមក៏ពិតមែន តែតាមរយៈនេះ លោកក៏បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ដល់លោកតា លោកយាយខិតខំថែរក្សាសុខភាព សម្រាប់ជាម្លប់ដល់កូនចៅគ្រប់ៗរូប។
ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នអំពីបញ្ហាហានិភ័យនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ហើយនៅពេលចេញដំណើរត្រូវត្រួតពិនិត្យឡើងវិញ អំពីភ្លើងចង្ក្រាន ភ្លើងទៀន ធូប និងប្រព័ន្ធភ្លើងអគ្គិសនីជាដើម ព្រោះរដូវនេះជារដូវក្តៅ ងាយនឹងឆាបឆេះបំផុត។ ជាងនេះទៅទៀត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាប្រធានបទមួយយ៉ាងសំខាន់ ត្រូវទាមទាឱ្យយើងទាំងអស់គ្នា ជាពិសេសក្មួយៗយុវជន ត្រូវបង្កើនការប្រុងប្រយ័ត្ន នៅពេលបើកបរ និងត្រូវគោរពច្បាប់ចរាចរណ៍។
លោកជំស្រីក៏បានលើកឡើងទៀតថា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ ក្រុមការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបង្កើតឱ្យមានកម្មវិធីចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកតា លោកយាយ ចំនួន១៤នាក់ នៅក្នុងឃុំកណ្តៀង និងឃុំស្យា ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស សាប៊ូ១គីឡូក្រាម ស្បែកជើងផ្ទាត់១គូ សំលៀកបំពាក់១កំប្លេរ និងថវិកា៥ម៉ឺនរៀល។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំរួមជាមួយនឹងសមាជិការទាំងអស់ បានលេងល្បែងប្រជាប្រិយ ទទួលទេវតាឆ្នាំថ្មី ដូចជាបោះឈូង បោះអង្គុញ ទាញព្រ័ត និងល្បែងផ្សេងៗជាច្រើនទៀត ព្រមទាំងទាំងហូបនំបញ្ចុករួមគ្នា ញ៉ាំងឱ្យកម្មវិធីនេះ កាន់តែបង្កើននូវភាពស្និទ្ធស្នាល និងសប្បាយរីករាយ៕