(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកសង្រ្កាន្ត ប្រាសាទបន្ទាយឆ្មារ និងដង្ហែរពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីជួសជុលប្រាសាទបន្ទាយឆ្មារ នៅបរិវេណប្រសាទបន្ទាយឆ្មារ ដោយមានការចូលរួមពីប្រតិភូអមដំណើរ ក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន យុវជន កងកម្លាំងគ្រប់ប្រភេទ អាជីវករ ប្រជាពលរដ្ឋជាច្រើនចូលរួមកុះករ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ការរៀបចំធ្វើសង្រ្កាន្តនេះ ក្នុងគោលបំណងឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាំងពីបុរាណមកទល់បច្ចុប្បន្ន ធ្វើឱ្យប្រជាពលរដ្ឋបានជួបជុំគ្នាមកលេងកន្លែងកំសាន្តសប្បាយរីករាយ នូវព្រឹត្តិការណ៍សង្រ្កាន្តជាមួយនឹងការតាំងពិព័រណ៍ សម្តែងសិល្ប: តន្រ្តីបុរាណសម័យ ល្បែងប្រជាប្រិយផ្សេងៗ និងបានយល់ដឹងកាន់តែច្បាស់ ថែមទៀតអំពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង បង្កើនគំនិតរួបរួមសាមគ្គីគ្នា ចែករំលែកចំណេះដឹង និងបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដែលអាចជួយទប់ស្កាត់នូវការហូរចូលនៃសិល្បៈ វប្បធម៌ និងអរិយធម៌មិនល្អពីបរទេសចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិតែមួយជាមួយ នឹងសេដ្ឋកិច្ចមានការរីកចម្រើនអភិវឌ្ឍន៍លើវិស័យក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ទើបធ្វើឱ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្ថិភាព ចូលរួមសង្រ្កាន្តឆ្នាំថ្មីនេះ ជាលើកទី១ នៅប្រាសាទបន្ទាយឆ្មារ សម្រាប់ខេត្តបន្ទាយមានជ័យ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋ ជួបតែសុខសុវត្ថិភាព សុខសប្បាយទាំងអស់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ជាមួយនឹងឱកាសដ៏សប្បាយរីករាយ ពោរពេញដោយសុទ្ធាជ្រះថ្លា និងដើម្បីថែរក្សាសម្បត្តិវប្បធម៌កេរ្ត៍ដូនតាឱ្យនៅគង់វង្សផងនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានបរិច្ចាកនូវបច្ច័យវេរប្រគេនចែកជូនរួមមាន៖ បច្ច័យបានមកពីពិធីបុណ្យផ្កា ប្រាក់សាមគ្គី ដើម្បីជួសជុលប្រាសាទបន្ទាយឆ្មារ២០០,០០០ដុល្លារ, ឧបត្ថម្ភដល់កងកម្លាំង មន្រ្តីរាជការទូទាំងខេត្តបន្ទាយមានជ័យ និងមនុស្សវ័យចាស់ អាយុ៧០ឆ្នាំឡើង ចំនួន៧០០នាក់ នូវថវិកាសរុប២៣០លានរៀល និងភេសជ្ជៈ១,០៩៦កេស៕