(រតនគិរី)៖ លោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះថា ខេត្តរនគិរី បានត្រៀមកម្លាំងចំនួន១៨១នាក់ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅទូទាំង៩ស្រុក-ក្រុង នៅក្នុងខេត្ត ឱ្យត្រៀមលក្ខណៈក្នុងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត ក្នុងទឹកដីខេត្តរតនគិរី នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យទទួលបាននូវសុខសុវត្ថិភាព ទាំងនៅតំបន់ទេសចរណ៍ និងតាមទីវត្តអារាម ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការខេត្ត ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ សូមឱ្យចូលរួមសហការណ៍ ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការផ្ដល់ព័ត៌មាន រាល់បញ្ហាអសន្តិសុខណាមួយ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ក៏បានអំពាវនាវបន្ថែមទៅដល់ភ្ញៀវទេសចរទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សូមឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការការពារ ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចៀសវាងនូវការធ្វេសប្រហែស ធ្វើឱ្យមានការបាត់បង់ណាមួយ ដោយសារជនឆ្លៀតឱកាស។
បន្ថែមពីនេះទៀតលោកឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់ថា បញ្ហាអគ្គិភ័យ ក៏ដូចជាភ្លើងឆេះព្រៃនៅក្នុងរដូវក្តៅនេះ ក៏ជាបញ្ហាមួយដែលបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត គួរតែចាប់អារម្មណ៍ផងដែរ។ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមានការសែនព្រេន អុជធូប ទាន ឬក៏ដុតក្នុងផ្នក់ភ្លើង សូមឲ្យមានការប្រុងប្រយ័ត្ន ពេលចាកចេញពីលំនៅដ្ឋាន សូមឱ្យពិនិត្យមើលឡើងវិញចំពោះបញ្ហានេះ ខ្លាចក្រែងមានបញ្ហាអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ៕