(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញក្រុមរបាំត្រុដិមកសម្តែងផ្ទាល់នៅគេហដ្ឋានសម្តេច ដើម្បីឱ្យចៅៗរបស់សម្តេច បានស្គាល់សិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរ និងដើម្បីបណ្តេញចេញនូវឧបទ្រពឆ្នាំចាស់ផងដែរ។
យោងតាម Facebook នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅព្រឹក ថ្ងៃសៅរ៍ ទី១៣ មេសានេះ ខ្ញុំនិងភរិយា ព្រមទាំងចៅៗបានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីឲ្យចៅៗបានស្គាល់នូវសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើងផង និងដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ»។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី ១៤-១៦ មេសា ស្អែកនេះ សម្តេចនិងភរិយា ក៏សូមប្រគេនពរ និងជូនពរព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕