(ភ្នំពេញ)៖ នៅគ្រាដែលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសាស្អែកនេះ, នៅថ្ងៃទី១៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់រាជធានីខេត្តទាំងអស់ ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
ការចេញយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចបានគត់សម្គាល់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន បណ្តាលឲ្យបាត់បង់ជីវិត និងរបួសប្រជាពលរដ្ឋមួយចំនួន ដោយសារការបើកបរមិនគោរពច្បាប់ បើកវ៉ាប្រជែងយកលឿនរៀងៗខ្លួន ដែលបន្សល់ទុកនូវការឈឺចាប់ និងសោកស្តាយអស់មួយជីវិត។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចជូនពរ បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី ធ្វើដំណើរសុខសប្បាយទៅកាន់ស្រុកកំណើត និងសូមប្រើប្រាស់ឡានក្រុងមិនគិតថ្លៃ ដើម្បីសុវត្ថិភាពផង និងបានសន្សំសំចៃប្រាក់កាសខ្លះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ថ្ងៃចូលឆ្នាំថ្មី គឺនឹងមកដល់នៅ ថ្ងៃអាទិត្យទី ១៤ មេសា ស្អែកនេះហើយ។ ដោយសារថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការសម្រាកពីការងារ ហើយម្នាក់ៗត្រូវរូតរះធ្វើដំណើរទៅកាន់ភូមិកំណើត ដើម្បីជួបជុំក្រុមគ្រួសារសាច់សារលោហិតជាទីស្រឡាញ់ ដូច្នេះអាចនឹងមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។
ពិតណាស់ គឺគ្រប់គ្នាប្រញាប់រៀងៗខ្លួន មិនថាឡាន ឬម៉ូតូទេ។ ហើយក្នុងប៉ុន្មនាថ្ងៃនេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាច្រើនដែរ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសមួយចំនួនទៀតផង ដោយសារការបើកបរមិនគោរពច្បាប់ បើកវ៉ាប្រជែងយកលឿនរៀងៗខ្លួន ដែលបន្សល់ទុកនូវការឈឺចាប់ និងសោកស្តាយអស់មួយជីវិត។
សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
សូមជូនពរបងប្អូនជនរួមជាតិ កូនក្មួយ និងចៅៗ ធ្វើដំណើរសុខសប្បាយទៅកាន់ស្រុកកំណើត។ សូមប្រើប្រាស់ឡានក្រុងមិនគិតថ្លៃ ដើម្បីសុវត្ថិភាពផង និងបានសន្សំសំចៃប្រាក់កាសខ្លះផង នៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនេះ»៕