(តាកែវ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាលស្រុកព្រៃកប្បាស រៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៤៩អង្គ និងសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីប្រោះព្រំ ដល់បុគ្គលិកមន្ត្រីរាជការក្រោមឱវាទដើម្បីទទួលបាននូវសិរីសួស្តី ដោយមានការចូលរួមជាអធិបតីពី លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ខេត្តតាកែវ។ កម្មវិធីខាងលើ ត្រូវបានអញ្ជើញចូលរួមពីមន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ អាជីវករលក់ដូរ ប្រជាពលរដ្ឋក្នុងឃុំ-ស្រុក ផងដែរ ដែលប្រព្រឹត្តិទៅនៅសាលាស្រុកព្រៃកប្បស។
ពិធីនេះ បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកា ព្រះរតនត្រ័យសមាទានសីល បង្សុកូល និងប្រារព្ធពិធីរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសល ទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយសូមឲ្យបានឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
នៅពេលល្ងាចថ្ងៃដដែលនេះដែរ រដ្ឋបាលស្រុកក៏បានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គី ព្រមទាំងបានជូននូវវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីបុគ្គលិកស្រ្តីទាំងអស់ ដែលខិតខំបម្រើការងារជូនជាតិដោយមិនខ្លាចការនឿយហត់ក្នុងការបម្រើរប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យមានការអភិវឌ្ឍជាលំដាប់បន្ត។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ក្នុងរយៈពេលកន្លងមកនេះ បានធ្វើឱ្យស្រុកព្រៃកប្បាស ហាក់មានការកែប្រែមុខមាត់គួរអោយចាប់អារម្មណ៍។ សំណង់អាគារតូចធំមានការកើនឡើង ជាពិសេសមានការជួលជុលកែលម្អនូវផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សួនច្បារនានា។ នាពេលថ្មីៗនេះ រដ្ឋបាលស្រុកបានរៀបចំឱ្យមានជាបង្គោលភ្លើងបំភ្លឺតាមដងផ្លូវក្នុងទីរួមស្រុក ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕