(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធចំនួន ១,៤០០នាក់ ត្រូវបានដាក់ពង្រាយតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកអភិបាលខេត្តព្រះវិហារថ្លែងបែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោកប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត មុនឱកាសបុណ្យចូលឆ្នាំ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធចំនួន ១,៤០០នាក់ ដាក់ពង្រាយតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា។
លោកបានបន្តទៀតថា «ចំពោះផែនការការពារសុខសុវត្ថិភាពនៅតាមគោលដៅ យើងត្រូវធ្វើយ៉ាងណាការពារសុខសវុត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ គឺកុំឲ្យមានបញ្ហាទាំងឡាយកើតឡើង ក្នុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរមកកាន់តំបន់រមណីយដ្ឋានយើង»។
លោកបានណែនាំឲ្យកងកម្លាំង ត្រូវធ្វើយ៉ាងណាការពារឲ្យបានរាល់ករណីណា ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងផ្លូវកាយរបស់ប្រជាពលរដ្ឋ ដែលបង្ករឡើងដោយជនណាមួយ ឬក្រុមណាមួយ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យកងកម្លាំងបង្ក្រាបឲ្យបាន រាល់ល្បែងស៉ីសងខុសច្បាប់នានា ដូចជាកន្ទុយលេខ បៀរ អាប៉ោង ខ្លាឃ្លោកជាដើម៕