(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះមុនីវិន័យ ចឹក ចុន្ទ ព្រះអនុគណខណ្ឌដង្កោ និងសប្បុរសជន លោក ថន សុខា និងលោកស្រី សូ លៅដារ្តិ៍បាននាំយកអំណោយសប្បុរសធម៌ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់ពងទឹក និង សង្កាត់ប្រទះឡាង ចំនួន ២២០គ្រួសារ។
ក្នុងពិធីដែលធ្វើនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ ក៏បានមានការរៀបចំស្រង់ទឹក លើករាសី សម្រាប់ឱកាស ពិធី បុណ្យ ចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខ។
លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងធ្វើការលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរចំពោះ ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាជនងាយរងគ្រោះនានា។
លោកអភិបាល ក៏បានថ្លែងអំពីការផ្សាភ្ជាប់គ្នាមិនអាចកាត់ផ្តាច់បានរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលជានិច្ចកាលតែងជួយបំពេញគ្នាទៅវិញទៅមក ហើយក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនក្រោមដំបូលសន្តិភាព ដែលទាំងវិស័យអាណាចក្រ និងពុទ្ធចក្របានរីកចម្រើនទន្ទឹមគ្នា និងមិនអាចខ្វះគ្នាបាន។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ លោក នុត ពុធដារ៉ាក៏បានធ្វើការជូនពរដល់ ប្រជាពលរដ្ឋទាំងអស់ និងសូមលោកយាយ លោកតា ថែរក្សាសុខភាព អនាម័យការរស់នៅហូបស្អាតផឹកស្អាតដើម្បីមានសុខភាពល្អ បន្តមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិតទៅមុខ។
ក្នុងនោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្នុងឱកាសនោះ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ក្រមា១, ខោអាវ ០១កំប្លេ, គ្រឿងឧបភោគបរិភោគ មួយចំនួន និងថវិកា ១៥,០០០រៀល៕