(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់យុវជនឲ្យខិតខំរៀនសូត្រ និងសន្យាផ្តល់កុំព្យូរទ័រ១គ្រឿង ដល់សិស្សណាដែលប្រលងជាប់និទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប ក្នុងឆ្នាំ២០១៩ខាងមុខនេះ។
ការលើកឡើងរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងពិធីបិទការបោះជំរំយុវជន ខេត្តត្បូងឃ្មុំលើកទី៣ ក្រោមប្រធានបទ «សន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ លោកឡើងថា ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ដើម្បីប្រទេសជាតិមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តនិរន្តភាពនៃបុព្វហេតុជាតិនេះជារៀងរហូត។
និយាយពីការបោះជំរំវិញ លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា វាជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឲ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រលាញ់ថែរក្សា និងការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជន។
លោកបន្ថែមថា យុវជនគ្រប់រូបត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនធ្វើគំរូទាំងលើការសិក្សាទាំងការរស់នៅ ដោយប្រកាន់ខ្ជាប់ និងចងចាំថាយុវជនត្រូវធ្វើឲ្យជីវិតរីកស្រស់ថ្លាលើថ្នាលសិក្សា និងយកវិជ្ជាបម្រើក្នុងមាគ៌ា អភិវឌ្ឍន៍ខ្លួងឯង គ្រួសារ និងសង្គមជាតិ។
លោក ជាម ច័ន្ទសោភ័ណ ក៏លើកទឹកចិត្តសិស្សានុសិស្សទូទាំងខេត្ត ដែលប្រលងជាប់និទ្ទេស A ទាំងអស់ ដោយសន្យាផ្តល់ជូននូវកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង ព្រមទាំងជំរុញឱ្យពួកគាត់ខិតខំប្រឹងប្រែងសិក្សាដើម្បីអនាគតខ្លួនផង ដើម្បីកិត្តិយសក្រុមគ្រួសារ ពិសេសជាទំពាំងដ៏មានគុណភាព ដើម្បីស្នងឬស្សី សាកសមជាសសរទ្រូងប្រទេសជាតិ៕