(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទីមួយនៃកាលវិភាគក្នុងការបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ដើម្បីដឹកប្រជាពលរដ្ឋពីភ្នំពេញ ទៅលេងស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញដោយឥតគិតថ្លៃ។ អ្នកដំណើរដែលប្រើប្រាស់រថយន្តក្រុងសាធារណៈ ក៏ត្រូវបានឧបត្ថម្ភបន្ថែមនូវបាយមួយកញ្ចប់ និងទឹកមួយដបផងដែរ ពីសាលារាជធានីភ្នំពេញ។
ចាប់តាំងពីម៉ោងប្រហែល ៥៖០០ព្រលឹមស្រាងៗ បើគេមើលទៅលើទិដ្ឋភាពនៅក្នុងបរិវេណចំណតរថយន្តក្រុងសាធារណៈសាលារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅឯសួនច្បារខណ្ឌឫស្សីកែវ គេសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ខណៈអ្នកខ្លះកំពុងស្វែងរករថយន្ត និងអ្នកខ្លះកំពុងស្ថិតនៅលើរថយន្តក្រុងសាធារណៈ។ នៅលើដងខ្លួនពួកគាត់វិញ មានអ្នកខ្លះស្ពាយសម្ពាយអីវ៉ាន់តូចធំ អ្នកខ្លះពរកូនតូចៗ ព្រមជាមួយដៃកាន់នំចំណីអាហារដោយទឹកមុខសប្បាយរីករាយជាទីបំផុត។
តាមរយៈការសំណេះសំណាលជាមួយទូរទស្សន៍ Fresh News ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់រថយន្តក្រុងសាធារណៈ ១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃនេះ។ ពួកគាត់ថា សកម្មភាពនេះ គឺជាការគិតគូមួយដ៏ល្អពីប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ ព្រមទាំងជាការរួមចំណែកកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ជារៀងរាល់ឆ្នាំសម្រាប់អ្នកដំណើរដែលរស់នៅឆ្ងាយៗ ត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ១០ម៉ឺនរៀល ក្នុងការធ្វើដំណើរទៅវិញទៅមករាល់ពេលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យទានម្តងៗ ហើយសម្រាប់អ្នកមានសមាជិកច្រើនវិញ ត្រូវចំណាយយ៉ាងហោចណាស់ ៣០ម៉ឺនរៀលឯណោះ។ បើតាមប្រជាពលរដ្ឋ ការជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃនេះ បានធ្វើឲ្យពួកគាត់ចំណេញថវិកាយ៉ាងច្រើន ហេតុដូច្នេះហើយប្រជាពលដ្ឋ បានសំណូមពរឲ្យមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ មិនថានៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងពីធីបុណ្យជាតិនានានោះទេ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រួមទាំងរថយន្តក្រុងចំនួន ១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន ៤គ្រឿងនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សកម្មភាពដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃនេះ ប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយចេញដំណើរចាប់ពីម៉ោង ៥៖៣០នាទីព្រឹក។ ផ្លូវដែលដាក់រថយន្តក្រុងសាធារណៈ រួមមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿងនេះ ដោយសារតែសម្តេចធុញទ្រាន់ ក្នុងការនិយាយជាមួយក្រុមហ៊ុនឯកជន ដែលតែងតែដំឡើងថ្លៃឈ្នួលរថយន្ត ក្នុងឱកាសពិធីបុណ្យជាតិម្តងៗ។ លើសពីនេះទៀតនោះ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល៧ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈ និងការដឹកជញ្ជូនតាមកាណូត ដោយមិនគិតថ្លៃផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្តល់ការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ តែក៏បានផ្តល់ជូនប្រជាពលរដ្ឋ នូវការជិះរថភ្លើងទៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹង និងជឿជាក់ថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានភាពរីករាយ ក្នុងការធ្វើដំណើរ ព្រោះតែរាជរដ្ឋាភិបាលបានរៀបចំការដឹកជញ្ជូនដោយឥតគិតថ្លៃ៕
ចង់ជ្រាបច្បាស់ពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ សូមអញ្ជើញទស្សនាវីដេអូសម្ភាសរវាងទូរទស្សន៍ Fresh News ជាមួយពួកគាត់ដូចតទៅ៖