(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប សាកលវិទ្យា ធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាស្ថាបនិកអាហារូបករណ៍ឧកញ៉ា លី ឆេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់មេដាយមាស និងវិញ្ញាបនបត្រជូនដល់អតីតសិស្សនិទ្ទេស A និងសិស្ស-និស្សិតពូកែប៊ែលធី ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ១៥រូប ក្រោយបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនៅក្រៅប្រទេស រួមមាន៖ ចក្រភពអង់គ្លេស ៤រូប ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣រូប និងថ្នាក់បរិញ្ញាបត្រ ១រូប និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីប្រទេសសិង្ហបុរី ចំនួន ១១រូប។
និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីក្រៅប្រទេស បានវិលត្រឡប់មកប្រទេសជាតិវិញ និងបានយកចំណេះដឹង និងបទពិសោធន៍ដែលខ្លួនបានខិតខំ សិក្សារៀនសូត្រ មកជួយអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមជំនាញរៀងៗខ្លួនលើវិស័យសំខាន់ៗដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាច្រើន។
ពិធីនេះរៀបចំឡើងក្នុងឱកាសបិទសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ដែលជាតំណាងសាកលវិទ្យាល័យទាំង២៤ មកពី ៨ប្រទេសជុំវិញពិភពលោក ចំពោះការរីកចម្រើនលើវិស័យអប់រំនៅកម្ពុជា ជាពិសេសលោកបណ្ឌិត ដែលបានបង្កើតឱ្យមានអាហារូបករណ៍ឧកញ៉ា លី ឆេង នេះឡើង ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតបានទៅសិក្សានៅក្រៅប្រទេស។
សូមជម្រាបជូនផងដែរថា អាហារូបករណ៍ឧកញ៉ា លី ឆេង គឺជាអាហារូបករណ៍ពិសេសមួយដែលបានបង្កើតឡើងដោយលោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១០ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ តាមប្រកាសលេខៈ ៦៥០៥ប្រក ចុះហត្ថលេខាដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។
គោលបំណងសំខាន់នៃការបង្កើតអាហារូបករណ៍នេះគឺ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសជូនដល់សិស្សនិទ្ទេស A និងសិស្ស-និស្សិតពូកែប៊ែលធីទាំងអស់ ដែលមានសមត្ថភាពខ្ពស់ ហើយចង់ទៅបន្តការសិក្សានៅក្រៅប្រទេស។ គិតត្រឹមខែមេសា ឆ្នាំ២០១៩ នេះ ប៊ែលធីបានបញ្ជូនសិស្ស-និស្សិតអាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១០៤រូប រួចមកហើយ ឱ្យទៅសិក្សានៅសាកលវិទ្យាល័យជាដៃគូអន្តរជាតិជុំវិញពិភពលោករួមមាន៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី ចិន និងព្រះរាជាណាចក្រថៃ៕