(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា ការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ចេញរថយន្តក្រុងសាធារណៈ ១២០គ្រឿង ដឹកប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ គឺជាស្មារតីយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ មិនមែនជាការធ្វើដើម្បីតែសន្លឹកឆ្នោតដូចការចោទប្រកាន់របស់ក្រុមមនុស្សមានទស្សនៈអគតិនោះឡើយ។
ការថ្លែងខាងលើនេះបានធ្វើឡើងក្នុងពេលដែលលោក ឃួង ស្រេង ចុះទៅជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈជិះដោយឥតគិតថ្លៃជិះទៅកាន់ស្រុកកំណើតរបស់ពួកគេនៅព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈ ១២០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងកំលុងបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែមេសា។ ការបញ្ចេញរថយន្តនេះក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយថវិកាច្រើនសម្រាប់ថ្លៃសំបុត្ររថយន្តក្រុងរាល់ពេលមានបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌជាដើមនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើដូចនេះផងដែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០១៨។ ការសម្រេចរបស់សម្តេចតេជោកាលពីឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតជាតិនោះ នាំឱ្យមានការរិះគន់ថា សម្តេចធ្វើដើម្បីទិញទឹកចិត្ត និងទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។
ឆ្លើយតបការលើកឡើងបែបនេះលោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បើសម្តេចតេជោ ហ៊ុន សែន ធ្វើដើម្បីតែសន្លឹកឆ្នោតមែននោះ គឺសម្តេចមិនបញ្ចេញរថយន្តដឹកប្រជាពលរដ្ឋនៅពេលនេះទៀតនោះទេ ព្រោះពេលនេះមិនមែនជាពេលបោះឆ្នោតនោះឡើយ។ ការបញ្ចេញរថយន្តដឹកប្រជាពលរដ្ឋនេះ គឺជាស្មារតីគិតគូរយ៉ាងពិតប្រាកដរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានបញ្ជាក់ដូច្នេះ «បើធ្វើដើម្បីសន្លឹកឆ្នោត ធ្វើតែពេលបោះឆ្នោតឈប់ធ្វើហើយ។ តែពេលឥឡូវនេះមិនមែនជាពេលបោះឆ្នោតឯណា សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ទៅលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សម្តេចមិនមែនយកចិត្តទុកដាក់តែមួយផ្នែកហ្នឹងទេ សម្តេចបានយកចិត្តទុកដាក់គ្រប់ស្ថានភាព គ្រប់ផ្នែក សំដៅលើកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ទាំងបងប្អូនកម្មករ កម្មការិនី»៕