(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែង បំពេញការងារ តាមភារកិច្ចរៀងៗខ្លួន ដែលថ្នាក់លើបានប្រគល់ជូន ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
ការជំរុញរបស់ស្នងការខេត្ដព្រះសីហនុ បានធ្វើឡើងក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមីនា និងផ្សព្វផ្សាយ ផែនការការពារ បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ។
ក្នុងពិធីនោះ បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានមានប្រសាសន៍ណែនាំ ឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ តាមភារកិច្ចរៀងៗខ្លួន ដែលថ្នាក់លើបានប្រគល់ជូន ក្នុងនោះ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារប្រចាំថ្ងៃ ប្រចាំបញ្ជាឲ្យបានច្បាស់លាស់ហ្មត់ចត់ ត្រូវរាយការណ៍ ជូនថ្នាក់ដឹកនាំ ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា កម្លាំងអន្តរាគមន៍ ត្រូវត្រៀមជានិច្ច សំរាប់ចេញអន្តរាគមន៍ ពេលមានហេតុការណ៍កើតឡើង។ លោកស្នងការ ក៏បានរំឮកដាស់តឿន ឲ្យកងកម្លាំងនគរបាលទាំងអស់ យកចិត្តទុកដាក់ ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមវត្តអារាម និងកន្លែងកំសាន្តនានា។
លោកថា ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រជាជនខ្មែរនាំគ្នា ទៅវត្តអារាម និងដើរកំសាន្តដូចនេះ គាត់អាចចាក់សោរផ្ទះចោល មិនមានមនុស្សនៅចាំផ្ទះ ដូចនេះ កម្លាំងនគរបាលមូលដ្ឋាន ត្រូវចុះល្បាតឲ្យដល់តាមភូមិ និងលំនៅដ្ឋាន អប់រំតាមដានសង្កេត ក្រែងមានបទល្មើសចោរកម្ម គាស់ផ្ទះ ឬមានអគ្គិភ័យកើតឡើង។
ជាមួយគ្នានោះ លោកស្នងការខេត្ត បានជំរុញឲ្យយកចិត្តទុកដាក់ លើការងារព្រហ្មទណ្ឌ ការងារចរាចរណ៍ផ្លូវគោកសណ្តាប់ធ្នាប់ និងបញ្ហាគ្រឿងញៀន។ បញ្ហាគ្រឿងញៀន ជាបញ្ហាមួយ ក្តៅគគុក ត្រូវរឹតបន្តឹង ចុះទៅដល់ ហាងខារ៉ាអូខេ ក្លិបកំសាន្ត និងទីកន្លែង ដែលងាយនឹងកើតឡើង បទល្មើសគ្រឿងញៀន អប់រំធ្វើកិច្ចសន្យា ចំពោះម្ចាស់ទីតាំង។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងករណី មានការពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ត្រូវមានវិធានការបង្ក្រាបភ្លាមៗ។ ហាងម៉ាស្សា ឬខារ៉ាអូខេ ណាដែលបង្កប់សេវាកម្មផ្លូវភេទ ត្រូវបង្ក្រាបឲ្យបាន។ បញ្ហាល្បែងស៊ីសងខុសច្បាប់ បៀរ អាប៉ោង ជល់មាន់ ជាដើម ត្រូវរឹតបន្តឹងបង្ក្រាបឲ្យបាន។
ក្នុងឱកាសនោះ លោកស្នងការ ក៏បានឧបត្ថម្ភ ជូនដល់កងកម្លាំង គ្រប់ការិយាល័យជំនាញគ្រប់អធិការដ្ឋាន នគរបាលក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល រួមមាន៖ មីថៃ ចំនួន៨៧កេះ, ទឹកក្រូចចំនួន១៦០កេះ និងស្រាបៀ ចំនួន៣៨៧កេះផងដែរ៕