(ភ្នំពេញ)៖ ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ, ថ្នាក់ដឹកនាំ និងមន្រ្ដីធនាគារជាតិនៃកម្ពុជា គ្រប់ផ្នែក, គ្រប់ថ្នាក់ស្ថាប័នធនាគារជាតិនៃកម្ពុជា បានជួបជុំគ្នាប្រារព្ធពិធី អបអរសាទរបុណ្យឆ្នាំថ្មីឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។
លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក៏ដូចថ្នាក់ដឹកនាំផ្សេងៗទៀត និងមន្ត្រីធនាគារជាតិនៃកម្ពុជាគ្រប់ៗរូប បានបង្ហាញអារម្មណ៍រីករាយ ក្នុងការចូលរួមអបអរសារទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរនេះផងដែរ។
តាមរយៈការប្រារព្ធពិធីអបអរសាទរ ពិធីបុណ្យឆ្នាំថ្មីនេះ បានបញ្ជាក់ឲ្យឃើញពីភាពស្និតស្នាលរបស់មន្ត្រីរាជការស្ថាប័ន ដែលបានខិតខំបំពេញការងារក៏ដូចការចូលរួម ពង្រឹងស្ថេរភាពប្រាក់រៀល និងការជឿកជាក់ទ្វេរមកលើប្រាក់រៀលខ្មែរ។ ការរួមចំណែកដ៏មានសារៈសំខាន់ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមមហិច្ឆិតារបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនេះថ្នាក់ដឹកនាំ និងមន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានបួងសួងទេវតាឆ្នាំថ្មី ព្រមទាំងគុណបុណ្យព្រះរតនត្រ័យកែវទាំង៣ រួមទាំងវត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដីកម្ពុជា សូមប្រទាន និងប្រោសព្រហ្មប្រសិទ្ធពរជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ពិសេសសម្តេចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានសុខភាពល្អបរិបូរណ៍ និងសេចក្ដីសុខគ្រប់ប្រការ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនគ្រប់វិស័យ និងទទួលបានការវិវឌ្ឍថ្មីៗបន្ថែមទៀត។
ក្នុងនោះមន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជា ទាំងអស់បានចូលរួមចំណែកលេងល្បែងប្រជាប្រិយ តាមប្រពៃណីជាតិ ដោយមានការសម្ដែងរបាំត្រុតបណ្តេញគ្រោះឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ឲ្យអស់ ដើម្បីត្រៀមទទួលពរជ័យទេវតាឆ្នាំថ្មីថែមទៀតផង៕