(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ទៅប្រកបដោយជោគជ័យ ជាមួយបរិយាកាសរីករាយ និងស្និតស្នាល នៃសន្និសីទកិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ (BICC 2019) នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (ទួលស្លែង) រួចមក គណៈប្រតិភូតំណាងសាកលវិទ្យាល័យទាំង២៤ មកពី ៨ប្រទេស បានបន្តអញ្ជើញទៅធ្វើទស្សនកិច្ច នៅសាលា ប៊ែលធី អន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ក្នុងគោលបំណងបានជួបផ្ទាល់ជាមួយសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ដើម្បីសិក្សាស្វែងយល់ពីកម្មវិធីសិក្សារបស់សាលា ប៊ែលធី អន្តរជាតិ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យអប់រំនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។
នារសៀលថ្ងៃដដែលនោះ គណៈប្រតិភូតំណាងសាកលវិទ្យាល័យទាំង២៤ ដឹកនាំដោយលោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបន្តទៅធ្វើទស្សនកិច្ចនៅវិមាននយោបាយ ឈ្នះឈ្នះ ដែលជាវិមានប្រវត្តិសាស្រ្តនៃមូលដ្ឋានគ្រឹះ ឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញនៅកម្ពុជា។
លោកបណ្ឌិត បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះរៀបចំឡើង ក្នុងគោលបំណងឱ្យគណៈប្រតិភូអន្តរជាតិទាំងអស់ បានយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ និងស្នាដៃដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការដឹកនាំកសាង អភិវឌ្ឍ និងបង្រួបបង្រួមជាតិ។ ជាពិសេស ការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសកម្ពុជាដូចនាពេលបច្ចុប្បន្ន។
លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាង សង់វិមាននយោបាយឈ្នះ ឈ្នះ ដែលបានអនុញ្ញាតឱ្យសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំគណៈប្រតិភូអន្តរជាតិទាំង ២៤សាកលវិទ្យាល័យ ទៅចូលទស្សនា និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថតរូបអនុស្សាវរីយ៍នៅវិមាននយោបាយឈ្នះឈ្នះ នាឱកាសនោះផងដែរ។