(ភ្នំពេញ)៖ បន្ទាប់ពីបើកការសាកសួររួចមកលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យជនត្រូវចោទម្នាក់ បាននៅក្រៅឃុំពាក់ព័ន្ធសំណុំរឿង ហិង្សាលើប្រពន្ធ។
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ឡាត់ ដារ៉ូ អាយុ២២ឆ្នាំ រស់នៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានលោកព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន» យោងតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ ឡាត់ ដារ៉ូ (ជាប្តី) កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ តាមបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ លឹម ឆយី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានចោទប្រកាន់ថា ជនត្រូវចោទបានជេរប្រមាថ និងវាយដំលើរូបនាងរហូតខៀវភ្នែក៕