(ភ្នំពេញ)៖ លោក បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. Jennar) ទីប្រឹក្សា រដ្ឋ មន្ត្រីការបរទេសកម្ពុជា ដែលចំណាយពេល៣០ឆ្នាំ ដើម្បីធ្វើកិច្ចការសំខាន់ៗជាច្រើននៅកម្ពុជា បានគាំទ្រ និងកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមេដឹកនាំប្រកបដោយភាពប្រាកដនិយម មិនមែនជាជនផ្តាច់ការ ដូចអ្វីដែលក្រុមមួយចំនួន បានលើកឡើងនោះឡើយ។
ក្នុង ជំនួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែ មេសា លោក Raoul M. Jennar បានបង្ហាញចំណាប់អារម្មណ៍របស់លោកជុំវិញព្រឹត្តិការណ៍របស់ ប្រទេសកម្ពុជាចុងក្រោយនេះ។ លោកបានពន្យល់ថាអំណាចរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺ បានមកពីចារឹកនយោបាយរបស់សម្តេច ផ្ទាល់ ពោល គឺ សមត្ថភាពដែលរក្សាបាននូវការរួបរួមផ្ទៃ ក្នុងរបស់គណបក្សប្រជាជន កម្ពុជាជាច្រើនទសវត្សមកនេះ។
លោក Raoul បាន ធ្វើដំណើរ មក កម្ពុជា ជា លើកដំបូង ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានាខែមេសា ឆ្នាំ១៩៨៩ ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពពិតរបស់កម្ពុជា និង តស៊ូមតិដើម្បីជំរុញការដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច និង នយោបាយមកលើកម្ពុជាដែលត្រូវបានដាក់ក្រោយ ការដួលរលំនៃរបបខ្មែរក្រហម។ លោកក៏បានបកស្រាយថាអ្វីដែលលោកព្យាយាមតស៊ូមតិពេលនោះគឺធ្វើយ៉ាងណាឲ្យមានការយកចិត្តទុកដាក់លើ ប្រជាជនកម្ពុជាដែលកំពុងដង្ហោយរកជំនួយតាមរយៈការបញ្ចប់ការដាក់ទណ្ឌកម្មប្រឆាំងកម្ពុជា ។
ក្នុងពេលមកដល់កម្ពុជា លោក Marc Jennar បានជួបសន្ទនាជាមួយសម្តេចតេជោហ៊ុន សែន នៅថ្ងៃ១៩ ខែមេសា ឆ្នាំ១៩៨៩ ។ គឺនៅក្នុងជំនួបនោះហើយ បានធ្វើឱ្យលោកចាប់ផ្តើមកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលធ្វើការងារផ្អែកលើភាពពិតជាក់ស្តែង ឬជាអ្នក ប្រាកដនិយម។លោកពន្យល់ថាក្នុងសម័យសង្គ្រាមត្រជាក់នោះសម្តេចមានបុគ្គលិកលក្ខណៈ និងការគិតខុសទាំងស្រុងពីមេដឹកនាំនៃរបបសង្គមនិយម ឯទៀតនៅប្រទេសអឺរ៉ុបខាងកើតដែលលោកធ្លាប់ដឹងពេលនោះ ។
ជាក់ស្ដែង តាមរយៈ កិច្ចសន្ទនា នោះសម្តេចបានប្រាប់លោកច្បាស់ថាប្រព័ន្ធសេដ្ឋកិច្ចសង្គមនិយមមិនជោគជ័យឡើយហើយកម្ពុជាត្រូវការផ្លាស់ប្តូរ ប្រព័ន្ធសេដ្ឋកិច្ចនេះ ។
លោក Marc Jennar បាន និយាយថា សម្តេច ហ៊ុន សែន ជាមនុស្សមានការគិតបើកចំហរមានសមត្ថភាពក្នុងការរក្សាឯកភាពក្នុងបក្សគណបក្ស ប្រជាជននិង ជាអ្នកប្រាកដនិយមផង ។ អ្វីដែលសំខាន់លោកមានរបៀបដឹកនាំពិតប្រាកដ ។
លោក Marc Jennar បញ្ជាក់ដូច្នេះថា៖ « រឿងសំខាន់មួយដែលខ្ញុំចង់លើកឡើងគឺភាពខ្លាំងរបស់គាត់។ នោះគឺឥរិយាបថនយោបាយដែលជា សមត្ថភាពក្នុងការរក្សាឯកភាពរវាងក្រុមនយោបាយក្នុងគណបក្សប្រជាជន។ អំណាចគឺចេញមុខពីភាពប្រាកដនិយម និង សមត្ថភាពបង្រួបបង្រួម បក្សនេះឯង » ។
លោកបន្តថា៖ «ខ្ញុំស្គាល់គាត់ច្បាស់ជាលក្ខណៈបុគ្គល។ គាត់ជាមេដឹកនាំមានការដឹកនាំពិតប្រាកដហើយវាជារឿងកម្រក្នុងការដឹកនាំអ្នកនយោបាយ ភាគច្រើនគិតរយៈពេលខ្លីប៉ុន្តែគាត់គិតពីរយៈពេលមធ្យមនិង រយៈពេលវែង » ។
ទន្ទឹមនឹងការលើកឡើងអំពីបុគ្គលិកលក្ខណៈដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លោក បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. Jennar) ទីប្រឹក្សា រដ្ឋមន្ត្រីការបរទេសក៏បានប្រមើលមើលអំពីគោលជំហរនយោបាយការទូតរបស់កម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ផងដែរ។
បើតាម Raoul M. Jennar, កម្ពុជាពេលនេះ មិនមែនចាប់តែប្រទេសណាមួយនោះទេ គឺកម្ពុជាបានស្វាគមន៍រាល់ការវិនិយោគ និងកិច្ចសហ ប្រតិបត្តិការជាមួយចិនប៉ុន្តែកម្ពុជាក៏ចង់បានការវិនិយោគនិង កិច្ចសហប្រតិបត្តិការបន្ថែមពី ប្រទេសផ្សេងទៀតដែរដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុបនិង សហរដ្ឋអាមេរិកដើម្បីឲ្យមានតុល្យភាព ៕