(ស្វាយរៀង)៖ ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ ប្រជាពលរដ្ឋក្នុងពិធីសង្ក្រាន្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងធានាបាននូវសុវត្តិភាពម្ហូបអាហារនោះ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ ម្ហូបអាហារ ភេជ្ជៈជាគ្រឿងកំប៉ុង ដែលដាក់លក់តាមស្តង់ អាហារដ្ឋាននានានៅក្រុងស្វាយរៀង។
បើតាមមន្ត្រីកាំកុងត្រូលដែលបានចុះពិនិត្យមុខទំនិញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដោយមានការណែនាំ ពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកម៉ក់ ពេជ្ជ រិទ្ធ ប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល តម្រូវឱ្យមន្ត្រីកាំកុងត្រូលត្រូវចុះពិនិត្យមុខទំនិញ ជាប្រចាំយ៉ាងហោចណាស់ ១ខែបាន១ដង ឬ២ដងដែរ ដើម្បីរកសារធាតុគីមី និងទំនិញហួសសុពលភាព-ល-។
មន្ត្រីរូបនេះ បានបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តស្វាយរៀង មានព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយ ជាពិធីសង្ក្រាន្តស្វាយរៀង ដែលមានប្រជាពលរដ្ឋមកចូលរួមទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ដោយមានប្រជាពលរដ្ឋទាំងអ្នកក្នុងខេត្ត និងអ្នកក្រៅខេត្តផង។
មន្ត្រីដដែលរូបនេះ បានបន្ថែមថា ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលដ្ឋនោះ មន្ត្រីកាំកុងត្រូលបានចុះពិនិត្យមុខទំនិញ ផ្តោតសំខាន់ទៅលើម្ហូបអាហារ គ្រឿងកំប៉ុងជាដើម ដែលដាក់តាំងលក់ក្នុងពិព័រណ៍ពាណិជ្ជកម្ម ក្នុងនោះពុំបានរកឃើញសារធាតុគីមី ដែលដាក់ក្នុងម្ហូបអាហារនោះទេ។ ចំណែកឯគ្រឿងកំប៉ុងជាភេសជ្ជៈវិញ ក៏មិនបានរកឃើញថាហួសការបរិច្ឆេទដែរ។ ដូច្នេះប្រជាពលរដ្ឋអាចទិញទៅបរិភោគ បានមិនប៉ះពាល់ដល់សុខភាពនោះទេ៕