(ភ្នំពេញ)៖ លោកស្រី ហ៊ឹម សុធន់អ៊ូ ជាម្ចាស់ដីពិតប្រាកដដែលមានទំនាស់ជាមួយអតីតអ្នកសុំដីស្នាក់នៅឈ្មោះ មាស សុផាត និងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង បានឈានដល់ការអនុវត្តន៍ សាលដីកាលេខ៨៨ ( ខ) ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ របស់តុលាការកំពូលដោយសម្រេចប្រគល់ដីជូនលោកស្រី ហ៊ឹម សុធន់អ៊ូ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្លង់រឹង ត្រឹមត្រូវតាមទម្រង់ច្បាប់ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រោយចូលឆ្នាំហើយភ្លាមៗ។
ជាមួយគ្នានោះដែរ លោកស្រី ហ៊ឹម សុធន់អ៊ូ បានថ្លែងអំណរគុណដល់ប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ពិសេសតុលាការកំពូល និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់យុត្តិធម៌ជូនលោកស្រី ដែលជាម្ចាស់ដីពិតប្រាកដដោយមានឯកសារយោងគ្រប់គ្រាន់ ផ្អែកលើអង្គហេតុ និងអង្គច្បាប់ជាហេតុធ្វើឱ្យអ្នកស្រីឈ្នះក្តីតាំងពីតុលាការថ្នាក់ទាប រហូតដល់តុលាការជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋមូលដ្ឋានដែលដឹងរឿងរ៉ាវខាងលើនេះ បានលើកឡើងថា វប្បធម៌ឈ្នះបានដីចាញ់បានលុយ ពីសំណាក់អ្នកដែលចង់បានទ្រព្យសម្បត្តិដីធ្លីអ្នកដ៏ទៃល្មមឈប់ប្រើហើយ ព្រោះស្រុកយើងមានច្បាប់ទម្លាប់ត្រឹមត្រូវមិនអាចធ្វើអ្វីៗ តាមអំពើចិត្តបានតទៅឡើយ៕