(ភ្នំពេញ)៖ លោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព (EAP) បានចែកប័ណ្ណសមធម៌ ប.ស.ស លើកទី១ ជូនសមាជិកសមាគមចំនួន៧៥០នាក់ ដែលជាសមាជិកសកម្មក្នុងសមាគម។ ការចែកប័ណ្ណសមធម៌ ប.ស.ស លើកទី១ នេះ បាន ធ្វើឡើងនៅក្នុងឱកាស សូត្រមន្តលើករាសីឆ្នាំថ្មី និងពិធីប្រគល់ប័ណ្ណសមធម៌ របស់ ប.ស.ស និងសំណេះសំណាល់ នៅទីស្នាក់ការកណ្តាល សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព នៅថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៩។
នៅក្នុងពិធីខាងលើនេះ ក៏មានការចូលរួមពី លោក ហង្ស រ៉ាវី ប្រធានសហភាពរក្សាសិទ្ធិកម្មករកម្ពុជា (CCWU)និង សមាជិកថ្នាក់ដឹកនាំសមាគម ចូលរួមអង្គពិធី ជិត១០០នាក់ តំណាងឲ្យសមាជិក សរុបជាង៥ពាន់នាក់ផងដែរ។
ថ្លែងនៅក្នុងពិធីនោះ លោក ហង្ស រ៉ាវី ប្រធានសហភាព បានលើកឡើងដោយអំពាវនាវឲ្យ បងប្អូនថ្នាក់ដឹកនាំសមាគមទាំងអស់ បន្តខិតខំប្រឹងប្រែងអនុវត្តការងារ ដើម្បីពង្រឹង ពង្រីកសមាជិក និងចូលរួមសកម្មភាពចូលរួមជាមួយសង្គម, ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រកាសរបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធ, ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការបើកកបរ និងកុំពិសារគ្រឿងស្រវឹងពេលបើកកបរ, ត្រូវជៀសឲ្យឆ្ងាយ ឬនិយាយថាទេជំពោះគ្រឿងញឿន។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះលោក ហង្ស រ៉ាវី បានជូនពរ និងបួងសួងវត្ថុស័ក្ដិសិទ្ធិ នៅក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហា ប្រសើរ ជូន ចំពោះ បងប្អូនថ្នាក់ដឹកនាំ ប្រកបដោយ ពុទ្ឋពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕