(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញេីលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្ដឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជូនសព្ទសាធុការពរជ័យ បវរសួស្ដីសិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះសម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមមាន សុខភាពល្អបរិបូរ កាយពលរឹងមាំ បញ្ញាភ្លឺថ្លាឈ្លាសវៃ និងមានជន្មាយុយឺនយូរ។
គំរូវីរៈភាពដ៏ត្រចះត្រចង់របស់ សម្ដេចអគ្គមហាពញាចក្រី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ព្រមទាំងបទពិសោធន៍បំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ ជាតិសាសនា ព្រះមហាក្សត្រ និងក្នុងបុព្វហេតុដ៏ថ្លៃថ្លា នៃការការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី ក្នុងសុខសន្តិភាព ការបង្រួបបង្រួមជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជំរុញការអភិវឌ្ឍជាតិ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួល បានជោគជ័យបន្តបន្ទាប់ជាច្រើនគួរជាទីមោទនៈយ៉ាងក្រៃលែង។
ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យតេជបារមី នៃវត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមអភិបាលប្រោះព្រំ សព្ទសាធុការ ពរជ័យគ្រប់យ៉ាងជូន សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
លិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូនសម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖