(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លាប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមវន្ទាក្រាបបង្គំថ្វាយ ព្រះសព្ទសាធុការពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយព្រះរាជសុខភាពល្អបរិបូរ​ចាកផុតពីព្រះរោគាព្យាធិ និងសូមព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ សម្បត្ដិជាព្រះម្លប់ដ៏ត្រជាក់នៃមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជាជាដរាបតទៅ។

ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវព្រះកតញ្ញុកតវេទីយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ បំផុតថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ខ្ពស់ បំពេញព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ព្រមទាំងលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ មិនខ្លាចនឿយហត់ ដើម្បី បុព្វហេតុជាតិមាតុភូមិ ប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ និងបានព្រះរាជូបត្ថម្ភគាំទ្រយ៉ាងធំធេង ជាព្រះរាជទ្រព្យប្រចាំខែរៀងរាល់ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុង ឱកាសផ្សេងៗទៀត ដល់កាកបាទក្រហមកម្ពុជា ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្ត ក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្នុងឱកាសដ៏សិរីសួស្តីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំម្ចាស់ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យវត្ថុស័ក្ដិ សិទ្ធិក្នុងលោក ព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះករុណាព្រះបរមរតនកោដ្ឋ ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»

សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖