(ភ្នំពេញ)៖ អ្នកនាំពាក្យទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ(FBI) របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញថា ស្ថាប័ន FBI មានមោទនភាព ដែលមានទំនាក់ទំនងដ៏ប្រពៃ និងយូរអង្វែង ជាមួយដៃគូនគរបាលអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។
ខ្លឹមសារសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថាប័ន FBI ដែលវាយតម្លៃអំពីកិច្ចសហការជាមួយនគរបាលជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថាប័ន FBI មានមោទនភាព ដែលមានទំនាក់ទំនងដ៏ប្រពៃ និងយូរអង្វែង ជាមួយដៃគូនគរបាលអនុវត្តន៍ច្បាប់ក្នុងប្រទេសកម្ពុជា»។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី FBI និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ អនុស្សារណៈនេះបានធ្វើឡើងរវាង លោក Christopher Wray នាយកការិយាល័យ FBI នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ FBI ដែល Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «អនុស្សារណៈស្តីពីការយោគយល់គ្នារវាង FBI នគរបាលជាតិកម្ពុជា និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចងក្រងបាននូវកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់របស់យើងលើបញ្ហាជាច្រើន ក្នុងនោះមានឧក្រិដ្ឋកម្ម ប្រឆាំងនឹងកុមារ បទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការចាប់ខ្លួនជនរត់គេចពីសំណាញ់ច្បាប់ ហើយអនុស្សារណៈនេះ ក៏ពង្រឹងបន្ថែម ការប្តេជ្ញាចិត្តរបស់ FBI ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំពារសិទ្ធិ របស់ប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបប្រជុំជាមួយ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI និង ចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងការចុះអនុស្សារណៈ យោគយល់គ្នានេះ គឺសហហរដ្ឋអាមេរិក និងផ្តល់សម្ភារមួយចំនួន ដែលបម្រើដល់កិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជា។
ការចុះអនុស្សារណៈយោគយល់គ្នា រវាងអគ្គស្នងការនគរបាលជាតិ និងការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋ របស់សហរដ្ឋអាមេរិក (FBI) គឺជាលើកទី១ ដោយកន្លងមកនគរបាលកម្ពុជា សហការល្អជាមួយ FBI ក្នុងការសហការគ្នាស៊ើបអង្កេត និងបង្ក្រាបបទល្មើសឧក្រិដ្ឋ ជាពិសេសបទល្មើសបច្ចេកវិទ្យា។ នេះបើតាម អគ្គស្នងការរងនគរបាលជាតិ៕