(កំពត)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន បានស្នើឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយអាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពង្រឹងការការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកស្រីថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសចុះផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅខេត្តកំពត។
ការរៀបចំពិធីនេះឡើងក៏មានការចូលរួមពីសំណាក់លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីអង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងយុវជន ស.ស.យ.ក ក្នុងខេត្តកំពត ដោយមានគោលបំណងផ្សព្វផ្សាយរំលេចឱ្យឃើញពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះស្រ្តីគ្រប់លំដាប់ថ្នាក់ ទាំងក្នុងវិស័យរដ្ឋ និងឯកជន ដោយមិនប្រកាន់ពីឋានៈ តួនាទី ស្ថានភាព និងនិន្នាការនយោបាយ។ មួយវិញទៀត គឺដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្រ្តីក្នុងវិស័យទេសចរណ៍ ដែលមានលោក ថោង ខុន ជារដ្ឋមន្ត្រី។
ថ្លែងក្នុងពិធីនេះ លោកស្រី ហ៊ុន ដានី បានលើកឡើងពីសក្តានុពលទេសចរណ៍នៅខេត្តកំពត ដែលមានភាពល្បីល្បាញ និងមានលក្ខណៈពិសេស ដោយឡែកជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត ជាពិសេសកត្តាសុខសន្តិភាព ដែលបាននាំមកនូវការអភិវឌ្ឍ និងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ខុសប្លែកពីមុនឆ្នាំ១៩៩៨ ចេញចូលខេត្តកំពតត្រូវគិតពីពេលវេលា និងសុវត្ថិភាពជាចម្បង។
លោកស្រីរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំ និងផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរ ក៏ដូចជាអ្នកពាក់ព័ន្ទ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ដើម្បីជាយន្តការទាក់ទាញ និងរក្សាបាននូវកំណើនទេសចរ តាមរយៈការផ្តល់បដិសណ្ឋារកិច្ច សេវាកម្ម អនាម័យ ភាពស្អាត និងបៃតង រួមទាំងតម្លៃក៏ត្រូវសមរម្យផងដែរ។
ដោយសារបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា កាន់តែខិតជិតមកដល់ ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការបានស្នើឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ មួយវិញទៀតត្រូវសហការជាមួយប្រតិបត្តិករទេសចរ ពន្យល់ អប់រំ ណែនាំ ឲ្យមានការថែរក្សាអនាម័យ ដោយលុបបំបាត់ការបោះចោលសំរាម កាកសំណល់ផ្សេងៗ វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានកន្ត្រកសម្រាប់ដាក់សំរាមនៅក្រោមតុ បន្ទប់ទឹក បន្ទប់គេងជាដើម។
ក្រៅពីនេះត្រូវចូលរួមទប់ស្កាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារក្នុងវិស័យទេសចរណ៍ ដោយមិនត្រូវយកទេសចរណ៍ជាខែលបិទបាំងនូវអំពើខុសច្បាប់ទាំងនេះឡើយ។
លោកស្រី ហ៊ុន ដានី ក៏បានផ្តាំផ្ញើដល់ក្រុមនារីឯកជនឱ្យចេះស្រលាញ់ខ្លួនស្រលាញ់ប្រពៃណី កុំស្លៀកពាក់ស៊ិចស៊ីខើចលើខើចក្រោម ជាពិសេសត្រូវប្រកាន់ឥរិយាបទជាស្រ្តីខ្មែរ កុំធ្វើអ្វីដែលជ្រុលហួសហេតុ នាំឱ្យបាត់បង់តម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ត្រី ហើយរួមគ្នាបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឱ្យការនាំចូល និងការប្រើប្រាស់ថង់ប្លាស្ទិច ដូចជា របស់របរដែលធ្វើពីឫស្សី ផ្តៅ លំពាក់ ស្លឹកឈូក ស្លឹកចេក និងបន្លែផ្លែឈើដែលមានក្នុងសហគមន៍៕