(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «មោទនភាពជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ» ដោយសម្តែងអំណរគុណជូនដល់ជនរួមជាតិខ្មែរទាំងអស់ នូវការសម្រេចចិត្តដ៏ថ្លៃថ្លា និងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ប្រាសចាកពីការជ្រៀតជ្រែក និងរំលោភពីមជ្ឈដ្ឋានបរទេស និងខាងក្រៅដោយបានប្តេជ្ញាចូលរួម បោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ ក្នុងជម្រើសរបស់ខ្លួន ដើម្បីរួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយការរីកចម្រើនរបស់ក្រុមគ្រួសារ និងប្រទេសជាតិខ្មែរជារួម ដោយបានផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៦ នេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ជនរួមជាតិទាំងអស់ នូវមោទនភាព ជាតិខ្មែរ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ គឺបានប្រព្រឹត្ត ក្នុងបរិការណ៍មួយ ដែលកម្ពុជាបាននឹងកំពុងតែគ្របដណ្តប់ដោយសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែរឹងមាំ ស្របជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលផ្តល់ភាពអនុគ្រោះ ទ្រទ្រង់ដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងក្នុងរយៈពេលពីរ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចថ្មី នៅអាស៊ី ក្នុងឆ្នាំ២០១៦។
ក្រោមការដឹកនាំ ប្រកបដោយភាពវៃឆ្លាត និងប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុកនៅឆ្នាំ២០១៨ ពោលគឺក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោង ៧,១% ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ ២០១៨នេះ។ ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។
ជាក់ស្ដែងផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ស្ថានភាពនៃការវិនិយោគ មានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២៣ប៊ីលានដុល្លារ ដែលអាចបង្កើតការងារចំនួនប្រមាណ១លានកន្លែង។ ដោយឡែកក្នុងរយៈពេល២ខែដើម ឆ្នាំ២០១៩ គម្រោងវិនិយោគ ដែលត្រូវបានអនុម័ត មានចំនួន ៧៣គម្រោង ក្នុងទុនវិនិយោគប្រមាណ២.២ប៊ីលានដុល្លាអាមេរិក ធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ៣៩គម្រោង ក្នុងទុនវិនិយោគចំនួន៣២៧លានដុល្លារប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖