(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយមន្ត្រីរាជការ ថ្នាក់ដឹកនាំភូមិទាំង ៦៦ភូមិ ក្រុមប្រឹក្សាសង្កាត់ ស្មៀនទាំង៧សង្កាត់ និងថ្នាក់ដឹកនាំសាលាក្រុងពោធិ៍សាត់ ដើម្បីពង្រឹងការបំពេញការងារប្រចាំថ្ងៃក្នុងអង្គភាព ឱ្យមានសាមគ្គីភាពផ្ទៃក្នុង មានគុណធម៌ទៅវិញទៅមក ត្រូវចេះស្រឡាញ់រួមសុខរួមទុក្ខជាមួយគ្នា ដូចជាគ្រួសារតែមួយ ជាពិសេសអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ គស២០១៩ ដែលនឹងខិតជិតមកដល់ នាពេលឆាប់ៗ ខាងមុខនេះ។
ពិធីសំណេះសំណាល និងពិសាបាយសាមគ្គី ត្រូវបានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានសុភមង្គល ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងសមាជិកសមាជិកាជាង៤០០នាក់។
លោក ម៉ៅ ធនិន បានថ្លែងថា នេះជាឱកាសដ៏ល្អបំផុត ដែលយើងទាំងអស់គ្នាបានជួបជុំគ្នា លើកពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម នៅក្នុងមួយដ្ឋានរៀងៗខ្លួនរួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ។ ជាការពិតណាស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យការវិវត្តន៍ដ៏ល្អ នៃសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសមិទ្ធផលសំខាន់ៗ លេចចេញជារូបរាងឡើងជាបណ្តើរៗ។
ទន្ទឹមនឹងនោះ លោក ម៉ៅ ធនិន ក៏បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានទាំងអស់ ដែលមានតួនាទីរដ្ឋ ត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាងនេះទៅទៀត គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកតួនាទី ទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម។
លោកបានណែនាំដល់មន្ត្រីមូលដ្ឋានចាប់តាំងពីថ្នាក់ក្រុង-សង្កាត់-ភូមិ និងមន្តី្រនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើជាម៉ែជាឳគេ ត្រូវបើកបេះដូងឱ្យទូលាយ កុំមានការរើសអើង និងត្រូវបន្តការខិតខំប្រឹងប្រែងផ្តល់ភាពកក់ក្តៅ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយកុំយកតួនាទីទៅគៀបសង្កត់ ឬធ្វើអ្វីមួយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលបង្កឱ្យមានការថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំ។
លោកបានណែនាំទៀតថា មន្ត្រីមូលដ្ឋានរបស់យើង ត្រូវមានរបបប្រជុំឱ្យបានច្បាស់លាស់ ដើម្បីលើកទិសដៅ និងផែនការសកម្មភាព សម្រេចបានជោគជ័យទៅថ្ងៃខាងមុខ។ លោកបានលើកឡើងថា តួនាទីបុណ្យស័ក្កិរបស់មន្រ្តីរាជការ ពុំមែនកម្មសិទ្ធ ឬជាកេរមរតករបស់ឪពុក ម្ដាយ ជីដូន ជីតា ដែលចែកឱ្យនោះទេ ទាំងនោះគឺបានមកពីការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្តែបើយើងប្រព្រឹត្តអំពើមិនល្អ ប្រជាពលរដ្ឋមិនស្រលាញ់ចូលចិត្ត នោះបុណ្យស័ក្កិនឹងមានការផុយស្រួយណាស់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដូចជា៖ តំបន់ទេសចរណ៍សាសនា, សួន១៤ មករា ដែលត្រូវស្ថាបនាឱ្យហើយ ក្នុងអំឡុងខែសីហាខាងមុខ, សួនច្បារប្របម៉ាត់ស្ទឹងប៉ែកខាងកើត, ផ្សារទំនើប ហើយសព្វថ្ងៃនេះ ខេត្តបានសាងសង់ទំនប់បង្ហៀរក្បាលហុង ដើម្បីបញ្ចាល់ទឹកសម្រាប់ប្រើប្រាស់វិស័យកសិកម្ម និងបម្រើដល់វិស័យទេសចរណ៍។
ក្នុងថ្ងៃនេះផ្ទាល់តែម្តងលោកនឹងទម្លាក់ប៉េឌឺឡូ ចំនួន១២គ្រឿង ចូលស្ទឹងពោធិ៍សាត់ ដើម្បីឱ្យប្រជាពលរដ្ឋ អាចជិះលំហែកម្សាន្ត ស្រូបយកខ្យល់អាកាស និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕