(ភ្នំពេញ)៖ លោក ឈិន សុក ដែលថ្មីៗនេះ មានព័ត៌មានធ្វើការចោទប្រកាន់ថា រូបលោកគឺជាអ្នកញុះញង់ និងបំផុសឲ្យប្រជាពលរដ្ឋក្រីក្រនាំគ្នាផ្ដិតមេដៃតវ៉ាទាមទារដោះលែងជន ជាប់ចោទក្នុងសំណុំរឿងដីធ្លី និងជាអ្នកបំផុសអោយពលរដ្ឋក្រីក្រចូលទៅចាប់យកដីរដ្ឋ និងដីឯកជនយ៉ាងអនាធិបតេយ្យនៅខេត្តព្រះសីហនុនោះ បានចេញមុខមកធ្វើការបដិសេធថា រូបលោកមិនបានប្រព្រឹត្តដូចគេអះអាងប្រាប់Fresh News អោយផ្សាយនោះឡើយ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ លោក ឈិន សុក ដោយមានមេធាវីមកជាមួយផង បានធ្វើការបដិសេធចោលនូវរាល់ព័ត៌មាន ចោទប្រកាន់ខាងលើនេះ ដោយលោកអះអាងថា លោកមិនមែនជាមេក្លោងឬជាបក្ខពួកនៅពីក្រោយខ្នងញុះញង់ ឲ្យប្រជាពលរដ្ឋក្រីក្រផ្ដិតមេដៃតវ៉ាឬទៅទន្ទ្រានចាប់យកដីរដ្ឋ និង ដីឯកជនក្រោមរូបភាព «ផ្ទះហោះ ឈ្នះបានដី ចាញ់បានលុយ» ដូចគេចោទប្រកាន់នោះឡើយ។
លោក ឈិន សុក បានបន្តថា រូបលោក និងលោក សុខ ចាន់ណារិទ្ធ រួមទាំងប្រជាពលរដ្ឋមួយ ចំនួនទៀតពិតជាបានកាន់កាប់ និងគ្រប់គ្រងដីជាក់ស្ដែងនៅតំបន់អូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរយៈទិញពីប្រជាពលរដ្ឋជាយូរមកហើយប្រាកដមែន តែក្រោយមកនៅឆ្នាំ២០០២ រដ្ឋបានចេញអនុក្រឹត្យដកហូតយកដីទាំងអស់នោះ ដាក់ចូលទៅក្នុងដីគម្របព្រៃឈើ តែពួកគាត់នៅតែរស់នៅ និងកាន់កាប់នៅលើដីទាំងអស់នោះ ដដែល។
លុះនៅឆ្នាំ២០១៨ រូបលោក និងប្រជាពលរដ្ឋ៥៧គ្រួសារ និងក្រោយមកឡើងដល់១៥០គ្រួសារ បាននាំគ្នាធ្វើសំណើទៅអាជ្ញាធរខេត្ត ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីសុំឆ្កៀលដីរបស់ពួកគាត់គ្រប់គ្រងចេញពីដីអនុក្រឹត្យគម្របព្រៃឈើដើម្បីបានធ្វើបណ្ណកម្មសិទ្ធិស្របច្បាប់ មិនមែនពួកលោកទើបនាំគ្នាចូលទន្ទ្រានកាន់កាប់នៅពេលថ្មីៗនេះទេ។
សូមបញ្ជាក់ថាកាលពីដើមសប្ដាហ៏កន្លងទៅនេះ Fresh News បានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា «ដីឡើងថ្លៃ៖ ជនទុច្ចរិតនាំគ្នានៅពីក្រោយខ្នងពលរដ្ឋក្រីក្រឲ្យ ចូលទន្ទ្រានដីសាធារណៈ និងដីឯកជនយ៉ាងអនាធិបតេយ្យក្រោមរូបភាព «ឈ្នះបានដី ចាញ់បានលុយ»។ក្រោយចេញផ្សាយ លោក ឈិន សុក ដែលមានឈ្មោះនៅក្នុងការចោទប្រកាន់ នេះ បានចេញមកធ្វើការបដិសេធ ដោយលោកអះអាងថា ការចោទប្រកាន់នេះ មិនពិតនោះទេ៕
លោកឈិន សុក ដែលមកសុំធ្វើការបំភ្លឺជាមួយអង្គភាពព័ត៌មានFresh News