(កណ្ដាល)៖ ប្រជាពលរដ្ឋឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា បើប្រទេសកំពុងមានសង្គ្រាម គ្មានសន្តិភាព ម្ល៉េះពេលនេះមិនបានមកលេង ល្បែងប្រជាប្រិយខ្មែរ កម្សាន្ដសប្បាយយ៉ាងនេះទេ។
ការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរតាមភូមិទាំង៩ រយៈពេល៣ថ្ងៃ ក្នុងឃុំស្អាងភ្នំ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងក្រុមការងារចុះពង្រឹងមូលដ្ឋាន និងប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរដែលខិតជិតមកដល់នេះ។
ប្រជាពលរដ្ឋនៅភូមិតានូ ឃុំស្អាងភ្នំ បានបញ្ជាក់ថា «ចង់ឲ្យប្រទេសយើងមានសន្ដិសុខភាព អត់មានសង្គ្រាម យើងសប្បាយរាល់ឆ្នាំនៅនេះ។ ដោយសារសុខសន្ដិភាព ទើបយើងបានសប្បាយ បើអត់សន្ដិភាពមិចបានសប្បាយដូចរាល់ថ្ងៃនេះ»។
ប្រជាពលរដ្ឋនៅភូមិទួលសាលា នៃឃុំស្អាងភ្នំ បានបញ្ជាក់ថា ចង់ឃើញក្រុមការងារឃុំដទៃៗទៀត បង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋឲ្យដូចឃុំស្អាងភ្នំដូច្នោះដែរ ដែលឆ្លៀតឱកាសមកសប្បាយផង និងអប់រំផ្សព្វផ្សាយផង។
សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសលេងល្បែងកម្សាន្ដនេះ ក្រុមការងារគណពង្រឹងឃុំស្អាងភ្នំ តំណាងលោក អ៊ាវ ចំរើន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្អាងភ្នំ នៅបានផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋឲ្យធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ បើទទួលទានគ្រឿងស្រវឹងកុំបើកបរ។ ពិសេសប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យគ្រប់នាទី ចំណែកយុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយកុំបង្កអំពើ ហិង្សា៕