(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការប្រដេញចាប់ក្រុមចោរឆក់២នាក់បានភ្លាមៗ បន្ទាប់ពីក្រុមចោរខាងលើ នោះបានធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីជនជាតិដីគោកម្នាក់បានសម្រេច ខណៈជនរងគ្រោះកំពុងឈរថតបុគ្គលិកនៅភោជនីយដ្ឋាន ក្វាងទុង លេងល្បែងប្រជាប្រិយ ក្នុងឱកាសអបអរឆ្នាំថ្មីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ និងធ្វើឲ្យជនរងគ្រោះដួលរងរបួសផងដែរ។
ហេតុការណ៍ខាងលើនោះបានកើតឡើងនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខហាងភោជនីយដ្ឋាន ក្វាងទុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ជនសង្ស័យទី១៖ ឈ្មោះ លឹម លាងហេង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ និងទី២៖ ឈ្មោះ ជាង សំណាង ហៅសី អាយុ១៧ឆ្នាំ ស្នាក់នៅក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានទីកន្លែងកំណើតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ZENG CHUN អាយុ៤២ឆ្នាំ ជាជនជាតិចិនដីគោក ក្នុងកាបូបមានលុយដុល្លារចំនួន ៣ម៉ឺនដុល្លារ និងដុល្លារហុងកុងជាង១ពាន់ រួមទាំងវត្ថុមានតម្លៃមួយចំនួនទៀតផងដែរ។
លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងទាំងអស់បានអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយកម្លាំងរបស់លោកតែងតែល្បាតពួនស្ទាក់បង្ក្រាបបទល្មើសនានា ជាក់ស្តែងបានបង្ក្រាបក្រុមចោរឆក់ទាំងនេះតែម្តង។
បើតាមលោកអធិការ ពេលធ្វើសកម្មភាពភ្លាម ក ម្លាំងរបស់លោកបានឃើញ ក៏បើកប្រតិបត្តិការប្រដេញចាប់ជនសង្ស័យទាំង២នាក់ ដោយប្រើរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និងបានយកកាបូបលុយប្រគល់ជូនជនរងគ្រោះវិញផងដែរ។
បើតាមការបញ្ជាក់ពីជំនាញព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា សម្រាប់ជនសង្ស័យ លឹម លាងហេង ត្រូវបានចាប់ខ្លួនម្តងរួចមកហើយ ក្នុងករណីឆក់កាបូបនារីខារ៉ាអូខេ ម៉ូឌែនស៊ី ផ្លូវជាតិលេខ៣ ក្នុងកំឡុងឆ្នាំ២០១៧។ តាមចំលើយរបស់ជនសង្ស័យខាងនេះថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនលើកសុទ្ធតែបានសម្រេច។
ជាមួយជានេះដែរ ស្រ្តីជនជាតិចិនដីគោក ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើការបង្ក្រាបក្រុមចោរឆក់ទាំងនេះបានភ្លាមៗ និងបានប្រគល់កាបូបជូនគាត់វិញ ដោយមិនមានការបាត់បង់ទ្រព្យសម្បត្តិសូម្បីតែមួយកាក់មួយសេន។
បច្ចុប្បន្នជនសង្ស័យទំាង២នាក់ ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍នគរបាលចោមចៅទី៣ កំពុងតែសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕