(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ជនចាស់ជរាក្រីក្រ ប្រមាណ៤០គ្រួសារ មកពីឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានចែកជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។
បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយជនចាស់ជរា ក្រីក្ររួចមកលោក ហេង រតនា បានចុះពិនិត្យ និងសាកសួរសុខទុក្ខ អ្នកជំងឺ និងក្រុមគ្រួសារពេទ្រស្មគ្រចិត្ត ដែលអញ្ជើញមកពីមន្ទីរពេទ្យ ព្រះកេតុមាលា ដែលកំពុងពិនិត្យព្យាបាលជំងឺ ជូន ប្រជាពលរដ្ឋប្រមាណ១០០០នាក់ ដោយឥតគិតថ្លៃ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកបានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ ជូនដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត។
ក្នុងឱកាសនោះចុះជួបសំណេះសំណាលនោះ លោក ហេង រតនា ក៏ដូចជាក្នុងនាមលោកស្រី ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក បានផ្ដាំផ្ញើសួរសុខទុក្ខ និងផ្ញើក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ព្រោះសម្តេចទាំងទ្វេតែងតែបារម្ភ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេល និងតែងតែផ្តាំផ្ញើក្រុមការងារប្រឹងប្រែងដោះស្រាយបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក លោក ហេង រតនា និងក្រុមការងារបានចូលជួបប្រជុំ ជាមួយថ្នាក់ដឹកនាំយុវជនស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីផ្ដល់ជាអនុសាសន៍ណែនាំ ក្នុងការរៀបចំសង្ក្រាន្ដឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដោយលោកបានឧបត្ថម្ភនូវការថវិកាមួយចំនួនដល់ក្រុមការងារយុវជន ដើម្បីឲ្យការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានដំណើរការល្អ៕