(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ នាថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅសាលាខណ្ឌឫស្សីកែវលោក ជា ពិសី អភិបាលខណ្ឌ និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាំរបាំត្រុឌ ក្នុងការស្វាគមន៍ និងអបអរសាទរ ក្រោយពីជួបសំណេះសំណាល ដើម្បីសមធម៌ចែកមួក អាវ និងថវិកាជូនមន្ត្រីក្រោមឱវាទ ទៅតាមតួនាទី ភារកិច្ច ចំនួនជាង ២០០នាក់ រួចមកហើយ។
លោក ជា ពិសី បានថ្លែងថា ការរៀបចំពិធីសូត្រមន្ដនេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃសាលាខណ្ឌឫស្សីកែវ ព្រមទាំងប្រជាពលរដ្ឋ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
លើសពីនេះ លោក ជា ពិសី បានថ្លែងបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា រយៈពេល៣ថ្ងៃជាប់គ្នា ខាងមុខនេះ រដ្ឋបាលខណ្ឌឫស្សីកែវ មានរៀបចំពិធីសង្ក្រាន្ដ២០១៩ នៅវត្តទួលសន្តិវ័ន្ដ (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីជួបជុំ ទាំងសប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នូវទូទាំងខណ្ឌ អាចមកចូលរួមកំសាន្ដសប្បាយ ដោយមានការប្រគំដន្ត្រីរាំរែកផងដែរ នៃព្រឹត្តិការណ៍សង្ក្រាន្តឫស្សីកែវ ក្នុងឆ្នាំ២០១៩នេះ៕