(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអាជ្ញាធរមីន នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Ms. Cristian Munduate ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះអង្គការ UNICEF ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការងារសកម្មភាពមីន នាពេលកន្លងមក។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍន៍ បានឆ្លើយតបយ៉ាងសកម្មចំពោះតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតា ជូនដល់សហគមន៍មូលដ្ឋាន។

ស្របពេលដែលអត្រាគ្រោះថ្នាក់កំពុងកើនឡើងខ្ពស់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គការ UNICEF បង្កើនកិច្ចសហការបន្ថែមទៀតជាមួយអាជ្ញាធរមីន ពិសេសជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់គាំទ្រដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។

ជាការឆ្លើយតបលោកស្រី Cristian Munduate បានសំដែងនូវសុឆន្ទៈ និងបង្ហាញនូវគោលជំហបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងនោះអង្គការ UNICEF បានឯកភាពជួយសកម្មភាពមួយចំនួនដូចខាងក្រោមនេះ៖

*រៀបចំកិច្ចប្រជុំសម្របសម្រួលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន
*ផលិតវីដេអូខ្លីៗអំពីសារអប់រំមីន
*បោះពុម្ព Poster អប់រំមីន
*បោះពុម្ពសៀវភៅសរសេរអប់រំមីន
*ផលិតប៉ាណូអប់រំពីមីន
*បណ្តុះបណ្តាលនគរបាលស្តីពីការអប់រំមីន។

អង្គការ UNICEF និងអាជ្ញាធរមីន គ្រោងនឹងចុះទៅសិក្សាពីបញ្ហានៃការកើនឡើងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមបណ្តាខេត្ត ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់នាពេលខាងមុខនេះ ដើម្បីរកវិធានការណ៍ទប់ស្កាត់ជាបន្ទាន់៕