(កំពង់ចាម)៖ ដោយយល់ឃើញថា ឈាមពិតជាមានសារៈសំខាន់សម្រាប់ជួយសង្គ្រោះអ្នកជំងឺ ជាពិសេសដើម្បីបង្ការទុកជាមុន ជួយអ្នករងគ្រោះដោយឧប្បត្តិហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន និងលោកស្រី បានផ្ដួចផ្ដើមឲ្យមានកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ដែលក្នុងនោះមានមន្ត្រី និងសប្បុរសជនពីស្ថាប័នផ្សេងៗទៀត ប្រមាណជាង ២០០នាក់ ស្ម័គ្រចិត្តចូលរួមក្នុងពិធីផ្ដល់ឈាមនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
លោក គួច ចំរើន បានលើកឡើងថា រាល់ពេលចូលឆ្នាំកន្លងមកលោកតែងតែសង្កេតឃើញមានករណីជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនករណី ដែលប្រការនេះជនរងគ្រោះត្រូវការឈាមដើម្បីសង្គ្រោះបន្ទាន់ ហើយគ្រូពេទ្យតែងតែជួបការលំបាកដោយសារខ្វះឈាមយកមកសង្គ្រោះ។ ហេតុដូច្នេះហើយទើបឆ្នាំនេះ លោកបានពិចារណាផ្ដួចផ្ដើម រៀបចំកម្មវិធីមួយដើម្បីធ្វើការបរិច្ចាកឈាម ស្តុកទុកសម្រាប់ធ្វើការដោះស្រាយ នៅពេលដែលក្រុមគ្រូពេទ្យត្រូវការប្រើប្រាស់ ពិសេសក្នុងកំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះតែម្ដង។
ស្ថិតក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក គួច ចំរើន បានថ្លែងអំណរគុណ ដល់សប្បុរសជនដែលមកពីសហគមន៍សហព័ន្ធយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តមកចូលរួមបរិច្ចាគឈាមក្នុងថ្ងៃនេះផងដែរ៕