(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល និងសប្បុរសជនជាច្រើននាក់ បានអញ្ជើញក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៧អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលពិធីនេះរៀបចំឡើង នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះ បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកា ព្រះរតនត្រ័យសមាទានសីល បង្សុកូល និងប្រារព្ធពិធីរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសល ទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយសូមឲ្យបានឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីនេះដែរ ព្រះសង្ឃបានប្រោះព្រំប្រសិទ្ធពរជ័យមង្គល និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មីឆ្នាំកុរ ព្រះនាម ទុង្សាទេវី សូមតាមជួយអភិបាលប្រោះព្រំ សាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធាន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, មហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ ចៅៗជាទីស្រឡាញ់ សូមបានសម ប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕