(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំដែលបានធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ក៏មានការចូលរួមពីអគ្គស្នងការរង ប្រធាននាយកដ្ឋានជំនាញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការរាជធានី-ខេត្តទាំង២៥ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនេះ ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះខាតរបស់កម្លាំងនគរបាល និងសមត្ថកិច្ចដែលពាក់ព័ន្ធ។
លើសពីនេះ នាយឧត្តមសេនីយ៍អគ្គស្នងការ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំនគរបាល ត្រូវបែងចែកកម្លាំងឲ្យបានច្បាស់លាស់វេនប្រចាំការ ប្រចាំបញ្ជាដើម្បីអន្ដរាគមន៍ឲ្យទាន់ពេលជួយប្រជាពលរដ្ឋនៅពេលមានហេតុការណ៍អ្វីកើតឡើង។
សម្រាប់ការងារចរាចរណ៍ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដល់នគរបាលត្រូវដាក់ពង្រាយយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យអ្នកបើកបរ ពិសេសកុំឲ្យបើកបរលើសល្បឿនកំណត់ និងហាមដាច់ខាតការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។
ដោយឡែក ការងារបង្ការ និងពន្លត់អគ្គិភ័យវិញ អគ្គស្នងការនគរបាលជាតិ បានជំរុញបន្ថែមឲ្យអង្គភាពជំនាញ ត្រូវត្រៀមលក្ខណៈជានិច្ច ណែនាំដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្លួនឯង ប្រសើរជាងពេលមានហេតុការណ៍ហើយបានចេញអន្ដរាគមន៍ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ចង់បញ្ជាក់ថា គ្រោះថ្នាក់អគ្គិភ័យត្រូវបង្ការឲ្យម៉ឺងម៉ាត់កុំឲ្យកើតមាន៕