(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់អំពីវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំចុងក្រោយនៅក្នុងក្រសួង និងបានស្នើសុំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់ ប្រកាន់ខ្ជាប់នូវវប្បធម៌ការងារដ៏ល្អនេះបន្តទៀត ដើម្បីនាំយកវឌ្ឍនភាព និងសមិទ្ធផលការងារថ្មីៗថែមទៀត ជូនរាជរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីជប់លៀងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោករដ្ឋមន្ត្រី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នូវពុទ្ធពរទាំង ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមបានសមប្រកបតែនឹងសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកម្សាន្តទីជិតឆ្ងាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ដែលនឹងចូលមកដល់ នៅថ្ងៃអាទិត្យ ១០កើត ថ្ងៃចន្ទ ១១កើត ថ្ងៃអង្គារ៍ ១២កើត ខែចេត្រ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
«ខ្ញុំសង្ឃឹមថា ទេវតាឆ្នាំថ្មី ព្រះនាងមហោទុង្សាទេវី ដែលត្រូវជាបុត្រីទី១ នៃកបិលមហាព្រហ្ម តំណាងឱ្យថ្ងៃសៅរ៍ ដែលនឹងយាងមកគ្រប់គ្រងចក្រវាល នឹងនាំមកនូវអាកាសធាតុត្រជាក់ត្រជុំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ដល់ប្រជាជនកម្ពុជាយើងទាំងនៅក្នុងរាជធានីខេត្ត និងនៅតាមជនបទ ដែលកំពុងសស្រាក់សស្រាំបំពេញការងារចិញ្ចឹមជីវិត នៅក្រោមរលកកំដៅនៃខែចេត្រ»។ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែម។
សូមជម្រាបថា ក្នុងរយៈពេលជាង ១ឆ្នាំ កន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាពជូនវិស័យឯកជន និងភាគីពាក់ព័ន្ធនានា និងបានរឹតបន្តឹងវត្តមានទំនិញខូចគុណភាពនៅតាមទីផ្សារ, ទប់ស្កាត់សកម្មភាពធុរកិច្ចមិនស្មោះត្រង់ ជាពិសេសបញ្ហាប្រេងឥន្ធនៈ និងទំនិញស្ករត្នោតក្លែងបន្លំប្រភពដើម ព្រមទាំងបានរៀបចំលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ សំដៅបម្រីការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ ឆ្លើយតបនឹងការវិវឌ្ឍនៃទីផ្សារថ្មីៗទាំងក្នុងតំបន់ និងពិភពលោក៕